(ភ្នំពេញ)៖ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ របស់ឡេង ចាន់ណា ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្ដោះអាសន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីនគរបាលយុត្តិធម៌បាននាំខ្លួន ជនត្រូវចោទឈ្មោះ រ៉េត សុជីដា មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ ក្រោយពីបានសួរចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា រួចមក និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ផ្អែកតាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ដែលស្របនឹងការអះអាងជារួមរបស់ជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ដែលបានឆ្លើយចំពោះមុខចៅក្រមស៊ើបសួរថា កន្លងមកខ្លួនធ្លាប់បានណែនាំមិត្តភក្តិឲ្យ ដាក់ប្រាក់ចូលក្នុងក្រុមហ៊ុន ហើយខ្លួនក៏ទទួលបានផលប្រយោជន៍ជាប្រាក់មួយចំនួនពីការងារខាងលើ។
បន្ថែមលើសពីនេះ ជនត្រូវចោទឈ្មោះ រ៉េត សុជីដា បានឆ្លើយបញ្ជាក់ច្បាស់ថា <<ខ្លួនមិនបានទទួលរងនូវការ ខាតបង់អ្វីមួយនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នោះទេ ដោយសារខ្លួនមិនបានដាក់ប្រាក់នៅក្នុងក្រុមហ៊ុន>>។
តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា និងជនត្រូវចោទឈ្មោះ រ៉េត សុធីដា ឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ពិតជាមានជាប់ពាក់ព័ន្ធនឹងបទល្មើសខាងលើ ហើយជនត្រូវចោទឈ្មោះ រ៉េត សុធីដា មិនមែនជាជនរងគ្រោះឡើយ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា សាលាដំបូងខេត្តសៀមរាបនឹងបន្តចាត់ការ សំណុំរឿងនេះឲ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន ដើម្បីរកយុត្តិធម៌ជូនអ្នកពាក់ព័ន្ធទាំងអស់៕