ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១ នៃពូល A កម្មវិធីខ្សែក្រវាត់គោជល់ទម្ងន់ ៦០គីឡូក្រាម បានបញ្ចប់ទៅហើយរវាង ម៉ឺន មេឃា និង សូត្រ វាសនា ឡុង ជិន និង ឈិត សេរីវណ្ណថង។ គូខ្សែក្រវាត់ទី១ គឺ ម៉ឺន មេឃា ជាអ្នកឈ្នះទទួលបាន ៣ពិន្ទុ ចំណែកគូទី២ ឈិត សេរីវណ្ណថង ជាអ្នកឈ្នះទទួលបាន ៣ពិន្ទុផងដែរ។
២គូខ្សែក្រវាត់ខាងលើនេះគឺចាញ់ឈ្នះពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតរបស់ពួកគេមិនលើសមិនខ្វះគ្នានោះឡើយ។ ប៉ុន្តែការប្រកួតរវាង វណ្ណថង និង ឡុង ជិន មានភាពមិនដាច់ស្រឡះគ្នារឿងពិន្ទុក្រោយបញ្ចប់ការប្រកួត។ គេឃើញមានអ្នកគាំទ្រ និងគ្រូរបស់ ឡុង ជិន ហាក់មិនពេញចិត្តទៅនិងលទ្ធផលដែលចៅក្រមសម្រេចឲ្យសិស្សរបស់ខ្លួនចាញ់។
រំលឹកដែរថា ពូល A មាន ម៉ឺន មេឃា សូត្រ វាសនា ឡុង ជិន និង ឈិត សេរីវណ្ណថង។ ម៉ឺន មេឃា និង ឈិត សេរីវណ្ណថង មាន៣ពិន្ទុក្នុងដៃក្រោយឈ្នះប្រកួតដំបូងកាលពីថ្ងៃសៅរ៍ ទី៣ មេសា ២០២១៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh