យុវជនវ័យ១៥ឆ្នាំកម្ពស់១,៨៨ម៉ែត្រ កែវ ស្រេងលីហួរ បានប្រាប់ឱ្យ Sabay ដឹងថា រូបគេសោកស្ដាយខ្លាំងបំផុត ដែលសុំឈប់ពីក្លឹបបាល់ទះវិសាខា ព្រោះគេមានអាការៈឆាប់ហត់ មិនអាចបន្តការហ្វឹកហាត់ទៀតបាន។
អាការៈឆាប់ហត់របស់ ស្រេងលីហួរ គឺមិនទៀងទាត់ឡើយ បើថ្ងៃណាស្រួលអាចធ្វើលំហាត់ផ្សេងៗដូចគេដូចឯង ប៉ុន្តែបើថ្ងៃណាមិនប្រក្រតី នោះនឹងធ្វើទុក្ខខ្លាំង។
យុវជនដែលវិវឌ្ឍខ្លួនពីអ្នកប៉ះសេទៅស្មាត់ បានបញ្ជាក់បែបនេះ ៖<<មានអារម្មណ៍ថាស្ដាយដែរ តែធ្វើម៉េចបើសមត្ថភាពយើងនៅស្ទើរ ខ្ញុំសុំឈប់ខ្លួនឯង ព្រោះសុខភាពខ្ញុំអត់សូវល្អ ខ្លាចមានបញ្ហាដល់ក្លឹប និងគ្រួសារ ហ្នឹងហើយ (បញ្ហា) ខ្លាំងគឺសុខភាព ពេលខ្ញុំហាត់ទៅវាចេះតែឆាប់ហត់ ថ្ងៃណាយើងអត់ហត់ៗ ពេលងៃណាយើងហត់ៗ អត់ដឹងថាបញ្ហាអីដែរ>>។
មិនត្រឹមតែសោកស្ដាយប៉ុណ្ណោះទេ ស្រេងលីហួរ ក៏បានបង្ហាញនូវអារម្មណ៍នឹករលឹកដល់មិត្តរួមក្រុម រៀមច្បង គ្រូបង្វឹក ក្លឹប និងចាំមិនភ្លេចនូវអនុស្សាវរីយ៍រួមរស់ជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំមកនេះ។ ទោះបែកគ្នាក្ដី ស្រេងលីហួរ នៅសង្ឃឹមថ្ងៃណាមួយ គេអាចនឹងមានឱកាសទៅហាត់បាល់ទះនៅវិសាខាជាថ្មីម្ដងទៀត ខណៈសព្វថ្ងៃយុវជនក៏ព្យាយាមប្រឹងប្រែងនៅផ្ទះខ្លះៗដែរដូចជា កាច់ក្បាលពោះជាដើម។
ត្រង់បញ្ហាសុខភាព សិស្សថ្នាក់ទី១១នៃវិទ្យាល័យសម្ដេច ហ៊ុន សែន អង្គរស្តុក បានទម្លាយអាចមកពីកាយសប្បទារបស់ខ្លួន មិនទាន់មានសាច់ដុំគ្រប់គ្រាន់ រាងស្គម បើទោះគេបានកម្ពស់ក្ដី។
កាយសប្បទាជារឿងមួយសំខាន់បំផុត សម្រាប់កីឡាករគ្របរូប ជាពិសេសកីឡាបាល់ទាត់ បាល់ទះ រត់ប្រណាំងជាដើម ហើយបើមិនមានកាយសប្បទាល្អគ្រប់គ្រាន់ទេ ច្បាស់ណាស់ពិតជាពិបាកក្នុងការហ្វឹកហាត់ និងប្រកួតប្រជែង។
គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៩ កែវ ស្រេងលីហួរ វ័យ១៥ ឆ្នាំ បានទៅធ្វើតេស្តរយៈពេល៣ខែ នៅសមាគមន៍បាល់ទះវិសាខា ហើយជាប់ជាកីឡាករបាល់ទះកម្រិត២ រហូតដល់ថ្ងៃចុងក្រោយទី១ ខែមីនា ឆ្នាំ២០២១។ បច្ចុប្បន្នយុវជន កំពុងស្នាក់នៅឯស្រុកកំណើត ក្នុងភូមិត្រពាំងថ្ងាន់ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត៕
អត្ថបទ៖ អ៊ុំ សុភក្តិ
News Source: news.sabay.com.kh