កំពូលតារាចម្រៀងប្រចាំនៅផលិតកម្ម Galaxy Navatra លោក ព្រាប សុវត្ថិ កំពុងជួបបញ្ហាឈឺក្បាលទាក់ទងនឹងរឿងដីធ្លីមួយករណីថ្មីទៀតនៅខេត្តមណ្ឌលគីរី បន្ទាប់ពីលោកទើបដោះស្រាយចប់ជាមួយពលរដ្ឋរស់នៅក្បែរផ្ទះរបស់លោកម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ ដែលចោទលោកថាបានរំលោភយកដីចំណីផ្លូវទៅដាក់ម៉ាស៊ីនឈូសឈើ និងចតយានយន្ដ។
ដោយឡែកនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នេះ តំណាងប្រធានសមាគមអ្នកសិល្បៈកម្ពុជាលោក ហេង ឡុង បានបង្ហោះដំណឹងមួយថា លោកព្រាប សុវត្ថិ ត្រូវបានសមាជិកក្រុមប្រឹក្សាខេត្ដមណ្ឌលគីរីឈ្មោះ ម៉ៅ ធនារក្ស ជាបងបង្កើតរបស់អភិបាលខេត្ដពោធិ៍សាត់លោក ម៉ៅ ធនិន បានរំលោភយកដីទំហំ១៩ហិកតារ ស្ថិតនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ។
បច្ចុប្បន្នម្ដាយរបស់លោក ព្រាប សុវត្ថិ គឺអ្នកស្រី ផូ សំណាង ជាអ្នកឈឈ្មោះប្ដឹងផ្ដល់ករណីនេះជំនួសលោកព្រាប សុវត្ថិ ដោយអ្នកស្រីបញ្ជាក់ថា ដីទំហំ១៩ ហិកតារ នេះ លោកព្រាប សុវត្ថិ បានទិញពីពលរដ្ឋចំនួន៥ម្ចាស់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ លោកស្រី បានដាក់ពាក្យបណ្ដឹងសុំដីការរក្សាការពារលើដីកំពុងមានជម្លោះនោះពីតុលាការខេត្ដមណ្ឌលគីរី តែមិនទាន់មានការឆ្លើយតប បន្ទាប់ពីក្រុមលោក ម៉ៅ ធនារក្ស ចុះទៅវាយកម្ទេចរបងដែលគាត់ខំធ្វើ។
ចំពោះព័ត៌មានលម្អិតយ៉ាងណាពីភាគីលោក ម៉ៅ ធនារក្ស Sabay មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេគិតមកដល់ម៉ោង៤កន្លះល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា នេះ។ ប៉ុន្ដែភាគីលោក ព្រាប សុវត្ថិ អះអាងថា ដីទំហំ១៩ហិកតារនេះ គេមានឯកសារទិញ-លក់ទាំងអស់ ហើយបានទទួលស្គាល់តាំងពីអាជ្ញាធរភូមិ រហូតដល់អាជ្ញាធរស្រុកទៀតផង៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ
News Source: news.sabay.com.kh