៣ឆ្នាំចុងក្រោយ ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាថេរ តែស្ថិតក្នុងក្តីបារម្ភដដែល

Posted By: RoogRog Robot | 22-Oct-2020 09:55:51

៣ឆ្នាំចុងក្រោយគឺឆ្នាំ២០១៧ ដល់ ២០២០ នេះ សត្វផ្សោត Irrawaddy ឬសត្វផ្សោតទន្លេមេគង្គមានចំនួនថេរមិនមានចំនួនកើន ឬថយចុះនោះទេ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សជលផលចេញផ្សាយក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយកាណ៍ស្តីពីស្ថានភាពសត្វផ្សោតទន្លេមេគង្គកម្ពុជាឆ្នាំ២០២០ដែលធ្វើឡើងនៅរដ្ឋបាលជលផលនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល និងជាអ្នកសម្របសម្រួលការងារអភិរក្សជាមួយអង្កការ WWF បញ្ជាក់ថា ចំនួនសត្វផ្សោតទន្លេមេគង្គកម្ពុជាឆ្នាំ២០២០មានចំនួន ៩២ក្បាល ចំនួននេះគឺដូចគ្នានឹងឆ្នាំ២០១៧កន្លងទៅដែរ។ ចំនួនប៉ាន់ប្រមាណសរុបរបស់សត្វផ្សោតទន្លេមេគង្គត្រូវបានវិភាគ និងចងក្រងក្នុងរយៈពេល២ ឬ៣ឆ្នាំម្តង ដោយប្រើតំរូវិភាគទិន្នន័យដែលមានឈ្មោះថា Mark-resight models។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជាថ្លែងថា <<សត្វផ្សោតគឺជាប្រភេទសត្វជិតផុតពូជ ហើយវាជាប្រភេទសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ UCN និងជារតនៈសម្បត្តិជាតិមានជីវិតដ៏ពិសេសរបស់ប្រទេសកម្ពុជា។ អង្គការ WWF បានចាត់ទុកសត្វផ្សោតទន្លេមេគង្គជាសត្វអតិភាពខ្ពស់បំផុតសម្រាប់ការអភិរក្សដោយសារចំនួនរបស់វានៅសល់នៅផែនដីមានចំនួនតិចតួចប៉ុណ្ណោះ។ នៅតំបន់អាស៊ីអាគ្មេយ៍គឺមានទន្លេតែ ៣ប៉ុណ្ណោះដែលមានសត្វផ្សោត Irrawaddy នេះរស់នៅ ក្នុងនោះមានទន្លេ Mahakam នៅប្រទេសឥណ្ឌូនេស៊ី ទន្លេ Irrawaddy នៅប្រទេសភូមា និងទន្លេមេគង្គនៃប្រទេសកម្ពុជា និងភាគតូចនៅប្រទេសឡាវ>>។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា

លោក សេង ទៀក បន្ថែមថា <<សត្វផ្សោតត្រូវបានគេប្រើប្រាស់សម្រាប់ការវាសស្ទង់ពីសុខភាពរបស់ទន្លេ មានន័យថាវត្តមានរបស់ពួកវានៅទីកន្លែងណាបញ្ជាក់ថាប្រព័ន្ធអេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីនោះមានភាពប្រសើរ សម្បូរដោយត្រីគ្រប់ប្រភេទរស់នៅ ព្រមទាំងជាទីជម្រកដល់សត្វវារីសាស្ត្រជាច្រើនប្រភេទទៀតរស់នៅផងដែរ>>។

លោក ផៃ សុម៉ានី លើកឡើងថា ក្នុងទស្សវត្សឆ្នាំ១៩៧៤-១៩៧៥ សត្វផ្សោត Irrawaddy រាប់ពាន់ក្បាលមានរស់នៅរាយប៉ាយតាមដងទន្លេមេគង្គដៃទាំងបីរបស់ទន្លេមេគង្គ (ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក) និងបឹងទន្លេសាប។ បច្ចុប្បន្នពួកវាមានរស់នៅតែតាមដងទន្លេមេគង្គក្នុងចន្លោះចម្ងាយ១៨០គម ចាប់ពីអន្លង់កាំពី ក្នុងខេត្តក្រចេះ បន្តឡើងដល់ ល្បាក់ខោនក្នុងប្រទេសឡាវដែលជាប់ទៅនឹងព្រំប្រទល់ខេត្តស្ទឹងត្រែងប៉ុណ្ណោះ ហើយចំនួនសរុបមានមិនលើសពី១០០ក្បាលឡើយ។

ការធ្លាក់ចុះដ៏គួរឱ្យកត់សំគាល់នេះ បណ្តាលមកពីព្រឹត្តិការណ៍សំខាន់ៗ រួមមាន ការប្រម៉ាញ់ក្នុងរបបខ្មែរក្រហមនៅចន្លោះឆ្នាំ ១៩៧៥ដល់១៩៧៩ ដែលតាមរបាយការណ៍បានឱ្យដឹងថា សត្វផ្សោតរាប់រយក្បាលត្រូវបានសម្លាប់ដើម្បីចម្រាញ់យកប្រេង ការទម្លាក់គ្រាប់បែកតាមដងទន្លេមេគង្គក្នុងអំឡុងសង្គ្រាមរវាងអាមេរិក និងវៀតណាម តាមរបាយការណ៍បានឱ្យដឹងថា គ្រាប់បែកចំនួន២,៧ លានតោនត្រូវបានទម្លាក់ មកលើប្រទេសកម្ពុជា និងសកម្មភាពនេសាទបំផ្លិចបំផ្លាញ និងខុសច្បាប់ដែលកើតមានឡើង នៅក្រោយឆ្នាំ១៩៧៩។ លោក ផៃ សុម៉ានី បានបញ្ជាក់បន្ថែម។

នាយកអង្គការ WWF បានលើកពីបញ្ហាប្រឈមរបស់អ្នកអភិរក្សសត្វផ្សោត ក៏ដូចជារដ្ឋបាលជលផលជួបរួមមាន មង ការឆក់ត្រជាក់-ក្តៅ ការបំពុល ការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ ការបំរែបម្រួលលំហូទឹក ការថយចុះត្រីធម្មជាតិ និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ដែលជំរុញឲ្យប្រជាពលរដ្ឋនេសាទត្រីកាន់តែច្រើន។

ចំនួនបទល្មើសដែលកើតក្នុងរយៈពេល៣ឆ្នាំចុងក្រោយដែលក្រុមអ្នកអភិរក្សសហការជាមួយរដ្ឋបាលជលផលបានចាប់ និងរឹបអូសបានពីអន្លង់សត្វផ្សោតនោះរួមមាន មង មានចំនួន២២ម៉ឺនម៉ែត្រ សន្ទូចរនងមានចំនួន១២ម៉ឺនម៉ែត្រ ឧបករណ៍ឆក់មាន ៦៤ករណី និងបញ្ចូនជនល្មើសទៅតុលាការមានចំនួន១៣នាក់។

យោងតាមរបាយការណ៍ចុះស្រាវជ្រាវរបស់រដ្ឋបាលជលផល និងអង្គការ WWF បានបញ្ជាក់ថា៖

-ឆ្នាំ១៩៩៧ មានចំនួន ២០០ក្បាល

-ឆ្នាំ២០០៥ មានចំនួន ១២៧ក្បាល

-ឆ្នាំ២០០៧ មានចំនួន ៩៣ក្បាល

-ឆ្នាំ២០១០ មានចំនួន ៨៥ក្បាល

-ឆ្នាំ២០១៥ មានចំនួន ៨០ក្បាល

-ឆ្នាំ២០១៧ មានចំនួន ៩២ក្បាល

-ឆ្នាំ២០២០ មានចំនួន ៩២ក្បាល

អន្លង់សត្វផ្សោតនៅកម្ពុជាមានសរុប៩ មាន អន្លង់ ៣មានសត្វផ្សោតរស់នៅ ក្នុងនោះរួមមាន អន្លង់កាំពីជាអន្លង់មានផ្សោតរស់នៅកើន និងច្រើនជាងគេ បន្ទាប់គឺ អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល។ អន្លង់៦ដែលសត្វផ្សោតលែងរស់នៅរួមមាន អន្លង់កន្ទុយកោះរងាវ, អន្លង់កោះផ្តៅ, អន្លង់ខ្សាច់ម្កាក់, អន្លង់ត្បូងខ្លា, អន្លង់សៀមបូក និងអន្លង់សំប៉ាន។ គិតត្រឹមឆ្នាំ២០២០នេះស្នាក់ការជលផលអភិរក្សសត្វផ្សោតតាមទន្លេ និងអន្លង់ផ្សោតមានសរុប ១៦កន្លែង មានឆ្មាំទន្លេសរុប ៧២នាក់ ដើរល្បាតពី ១០ ទៅ ២២ថ្ងៃក្នុងមួយខែទាំងពេលយប់ និងថ្ងៃ។

សត្វផ្សោត Irrawaddy ឬសត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោតទឹកសាបមួយប្រភេទ ក្នុង ចំណោមសត្វផ្សោតទឹកសាបសរុប ៧ប្រភេទក្នុងពិភពលោក។ សត្វផ្សោតបួនប្រភេទក្នុងចំណោម សត្វផ្សោតទាំង ៧ប្រភេទនេះរស់នៅតែក្នុងទីជម្រកទឹកសាបប៉ុណ្ណោះដែលក្នុងនោះ រួមមាន សត្វផ្សោតនៃទន្លេ Ganges និងសត្វផ្សោតនៃទន្លេ Yangtze សត្វផ្សោតនៃទន្លេ Amazon Dolphin និងសត្វផ្សោតនៃទន្លេ Indus។ ចំណែកឯសត្វផ្សោតចំនួនបីប្រភេទផ្សេងទៀតមានរស់នៅទីជម្រកទឹកសាបផង និងទឹកប្រែផងក្នុងនោះរួមមាន Tucuri នៅអាមេរិកខាងត្បូង និង Irrawaddy និង Finless porpoise នៅក្នុងតំបន់អាស៊ី៕

រូបថត៖ អង្គការ WWF ប្រចាំនៅកម្ពុជា

អត្ថបទ៖ លន ហ្សាឌីណា

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...