ពិព័រណ៍រូបថត​ DMC 2020 ធ្វើឡើង​តាមប្រព័ន្ធឌីជីថល

Posted By: RoogRog Robot | 03-Aug-2020 01:59:40

ពិព័ណរណ៍​រូបថត DMC លើកទី២ នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ឌីជីល​ជំនួស​វិញ ដើម្បី​ចូលរួម​បង្ការ​ និងទប់ស្កាត់​ការ​រីករាលដាល​នៃជំងឺកូវីដ១៩។ ពិព័រណ៍​រូបថត​ ដែលរៀបចំ​ឡើង​ដោយ​និស្សិត​ឆ្នាំទី២ នៃដេប៉ាតេម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យ​ ភូមិន្ទភ្នំពេញ នឹងប្រព្រឹត្ត​ទៅ ចាប់ពីថ្ងៃទី៣ ខែសីហានេះ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តាមរយៈ​គេហទំព័រ www.dmcphotofest.com , ទំព័រ​ហ្វេសប៊ុក DMC Photo Frestival (https://www.facebook.com/DmcPhotoFestival) និងទំព័រ​ហ្វេសប៊ុក​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (https://www.facebook.com/DMC.CCI)។

ពិព័រណ៍រូបថត​លើកទី២ នេះ ត្រូវ​បាន​ផលិត និងរៀបចំ​ដោយ​និស្សិត​ឆ្នាំទី២ ជំនាន់ទី១៨ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ផន ភារិទ្ធ (Miller) ដែលជា​គ្រូ​បង្រៀន​ថតរូប​នៃ​ដេប៉ាតឺម៉ង់​ផ្ទាល់។

លោក ផន ភារិទ្ធ បានឲ្យដឹងថា ពិព័រណ៍​នេះ ត្រូវបាន​រៀបចំ​ឡើង ដើម្បី​បង្ហាញ​ស្នាដៃ​ថតរូបរបស់និស្សិត បន្ទាប់ពីពួកគេ​បានសិក្សា​អំពី​បច្ចេកទេស​ថតរូប​រយៈពេល​មួយឆមាស​រួចមក។ គ្រប់​រូបថត ដែលនឹង​បង្ហាញ​នោះ នឹង​មិនត្រឹម​តែ​ឆ្លុះបញ្ចាំង​ពីការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏នឹង​ឆ្លុះបញ្ចាំង​ពីស្ថានភាពសង្គម​នាពេលបច្ចុប្បន្ន​ផងដែរ។

លោក​បានបន្ថែមថា "យើងប្រើរូបភាពជំនួស​វីដេអូ ជា​សារ​ដើម្បី​ពញ្ញាក់​អារម្មណ៍​អ្នកទស្សនា​ពីសកម្មភាព​ដែល​ពួកគាត់​ជួប​ប្រទះរាល់ថ្ងៃ។ បើទោះបីជា​ស្នាដៃ​របស់និស្សិត​មិនសូវជាល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏យើង​ព្យាយាម​សម្រិតសម្រាំង​ឲ្យ​ស្នាដៃ​ទាំងនោះ ឆ្លុះ​បញ្ចាំង​ពីសង្គម​វិញ ដោយ​រូបថត មានលក្ខណៈ​ជា​ស៊េរី​បណ្ដាក់​ទៅតាម​សាច់រឿង​ឲ្យ​អ្នក​ចូលរួម​បានយល់"។

លោក ផន ភារិទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នាពេលកន្លងមក

លោក​ អ៊ុង ប៊ុនអ៊ី ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា "ពិព័រណ៍​រូបថត DMC Photo Festival នេះ បានផ្សារភ្ជាប់​ទ្រឹស្ដី​ទៅនឹង​ការ​អនុវត្ត​ជាក់ស្ដែងរបស់និស្សិត ក្នុងន័យ​លើក​កម្ពស់​ចំណេះដឹង និង​ចំណេះធ្វើ​របស់និស្សិត DMC ផ្ទាល់។ លោក​លើក​ឡើង​ថា ដេប៉ាតឺម៉ង់​ ក៏ចង់​ជំរុញឲ្យ​និស្សិត​យក​ឱកាស​នេះ សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម ក៏ដូចជា​វឌ្ឍនភាពនានា​ក្នុង​សង្គម ហើយយក​មកឆ្លុះ​បញ្ចាំង​តាមរយៈ​ជំនាញ​ដែល​ខ្លួន​បានសិក្សា។

លោក​បន្ត​ថា "តាមរយៈ​ពិព័រណ៍​រូបថត​នេះ សាធារណជន​ក៏មានឱកាស​បានដឹង​ឮ​ ក៏ដូចជា​យល់​ដឹងពី​រឿងរ៉ាវ​សង្គម​ទាំង​នោះ និង​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ព្រោះ​ថា​ពួក​គេ​ក៏ជា​ផ្នែក​មួយ​នៃ​រឿងរ៉ាវ​សង្គម​ទាំងនោះដែរ"។

លោក​ អ៊ុង ប៊ុនអ៊ី ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និងសារគមនាគមន៍ ក្នុងសន្និសីទសារព័ត៌មាន នាពេលកន្លងមក

ជា​និស្សិត​ឆ្នាំ​ទីពីរ​នៃ​ដេប៉ាតឺម៉ង់​ និងជា​ផលិតករ​ម្នាក់​នៃ​កម្មវិធី​តាំងពិព័រណ៍​រូបថត​នេះ កញ្ញា សុខ ស្រីលុច បាននិយាយថា "ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង បើ​ទោះ​បី​ជា​ពេល​ខ្លះ ត្រូវ​នៅហាល​ថ្ងៃ ចុះ​ទូក​កណ្ដាល​ទន្លេ និង​ត្រូវ​ចុះ​ទៅ​ទីតាំង​ឆ្ងាយៗក៏ដោយ ក៏​យើង​នៅ​ទ្រាំ ដើម្បី​បាន​រូបមួយៗ"។ កញ្ញា​សង្ឃឹម​ថា ពិព័រណ៍​រូបថត​លើកទី២ នេះ នឹង​មាន​អ្នក​គាំទ្រ​ច្រើន។

លោក នូ វិរៈ ជា​និស្សិត​ឆ្នាំទីពីរ​នៃ​ដេប៉ាតឺម៉ង់ និង​ជា​អ្នក​រៀបចំ​កម្មវិធី បាន​និយាយថា "ពាក់ព័ន្ធ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ពិព័រណ៍​រូបថត DMC នេះ កាលពីមុន​យើងចង់​ឲ្យ​មាន​ការ​រៀបចំ​ការ​ដាក់​តាំងពិព័រណ៍​នៅ​ក្នុង​បរវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ក៏ប៉ុន្តែ​ដោយសារ​តែ​ជំងឺកូវីដ១៩ យើងអត់អាច​បើក​កម្មវិធី​នេះ​ជា​សាធារណៈ​បាននោះទេ ដោយ​យើង​គោរព​តាម​គោលការណ៍​រក្សា​គម្លាត​សង្គម​របស់​ក្រសួង​សុខាភិបាល យើង​ក៏បាន​សម្រេច​ចិត្ត​ជាមួយ​នឹង​គណៈ​គ្រប់គ្រង​ដេប៉ាតឺម៉ង់ រៀបចំ​កម្មវិធី​នេះ​ទៅតាម​ប្រព័ន្ធ​ឌីជីថល​វិញ។ មានន័យថា រូបភាព​របស់​ក្រុម​និស្សិត​ដែលបានផលិតទាំង ៩ ប្រធានបទ ស្មើនឹង​ប្រមាណ​ជាង ២០០សន្លឹក នឹង​ត្រូវ​បានដាក់បង្ហាញ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​យើង ដើម្បី​អាច​ឲ្យ​សាធារណជន​បានទស្សនា"។

លោក នូ វីរៈ បាននិយាយថា ក្រៅពីការ​ទស្សនា​រូបថត សាធារណជន ក៏អាច​តាមដាន​កម្មវិធី​កិច្ច​ពិភាក្សា​រវាង​វាគ្មិន និងទស្សនីយភាព​ផ្សេងទៀត រួមមាន៖

សប្ដាហ៍ទី១៖ ជួបជាមួយ​កិច្ច​ពិភាក្សា​តាមក្រុមរបស់​គម្រោង​នៃ​ពិព័រណ៍​ រួមទាំង​ការ​បង្ហាញ​ក្បាច់​របាំ​ខ្មែរ​របស់​អ្នកគ្រូ វិធ ច័ន្ទម៉ូលី និងកិច្ចពិភាក្សា​អំពី​ការ​ថតរូប​បែបកម្សាន្ត ដោយ​លោក​សួង ម៉ារឌី (Suong Mardy)។

សប្ដាហ៍ទី២៖ កិច្ច​ពិភាក្សា​តាមក្រុម​របស់​គម្រោង​នៃ​ពិព័រណ៍​ រួមទាំងការ​ពិភាក្សា​អំពី​ការ​ថតរូបក្នុង​វិស័យ​សារព័ត៌មាន​ ដោយលោក លន ហ្សាឌីណា (Lon Jadina) និងកិច្ច​ពិភាក្សា​អំពី​ការ​ថតរូប​បែប Travel Photography ដោយ​លោក ឡា ម៉ូ (La Mo)។

សប្ដាហ៍ទី៣៖ កិច្ច​ពិភាក្សា​តាមក្រុម​របស់​គម្រោង​នៃពិព័រណ៍ រួមទាំងការ​ពិភាក្សា​អំពី​ការ​អប់រំ​ផ្លូវចិត្ត​ តាមរយៈ​ការ​សមាធិ​ ដោយ​លោកគ្រូ នឹម ឈុន្នី (Noem Chhunny) និងការ​ពិភាក្សា​អំពី​ការ​ថតរូប​បែប​ពាណិជ្ជកម្ម ដោយ​លោក ថៃ វ៉ាន់ថា (Jerry Thai)។

សប្ដាហ៍ទី៤៖ កិច្ច​ពិភាក្សា​តាមក្រុម​របស់​គម្រោង​នៃពិព័រណ៍ រួមទាំងការ​ពិភាក្សា​អំពី​ស្រ្ដី​ជាអ្នកថតរូប​ក្នុង​វិស័យ​សារព័ត៌មាន ដោយ​លោកស្រី Lim Jessica។

សប្ដាហ៍ទី៥៖ ការបង្ហាញសិល្បៈ​របស់​តារា​ចម្រៀង​ លោក ម៉ា ច័ន្ទបញ្ញា។

សម្រាប់​ព័ត៌មានបន្ថែម សូមទំនាក់ទំនង​តាមរយៈ​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​យើង (DMC Photo Festival) ឬទំនាក់ទំនង​កញ្ញា សួន ស្រីដែត តាមរយៈ​លេខ​ទូរសព្ទ ០១៧ ៥៦៦ ៩២៦ និង​លោក​ជា តារាពេជ្រ តាមរយៈ​លេខទូរសព្ទ ០៧០ ៨៨ ៣៨ ៦០៕

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...