(សេអ៊ូល)៖ លោក Lee Jae-myung នៅថ្ងៃពុធ ទី៤ ខែមិថុនា បានឡើងកាន់តំណែងក្នុងនាមជាប្រធានាធិបតីម្នាក់ ដែលស្ថិតក្នុងចំណោមប្រធានាធិបតីកូរ៉េខាងត្បូងដែលមានអំណាចខ្លាំងបំផុត ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ ក៏ព្រោះតែក្រៅពីអង្គុយលើកៅអីប្រធានាធិបតី លោក Lee នៅមានសភាជាតិឈរនៅខាងរូបលោក ដ្បិតគណបក្សប្រជាធិបតេយ្យរបស់លោកមានអាសនៈ ភាគច្រើន។ ក៏ប៉ុន្តែក្រុមអ្នកវិភាគខ្លះនៅតែមានការសង្ស័យថាតើលោក Lee អាចនឹងប្រើប្រាស់អំណាចដ៏សម្បើមនេះដើម្បីផ្សះផ្សាប្រទេសជាតិដែលកំពុងបែកបាក់នយោបាយយ៉ាងស៊ីជម្រៅ ដូចដែលរូបលោកបាននិយាយថានឹងធ្វើ? ឬក៏លោកនឹងដើរតាមផ្លូវចាស់របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងកន្លងមក ហើយសងសឹកគូសត្រូវនយោបាយ ដូចដែលគូសត្រូវនយោបាយ របស់លោកបាននិយាយដែរឬក៏យ៉ាងណា?
លោក Lee បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។ ជាធម្មតា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង បេក្ខជនជ័យលាភីត្រូវរង់ចាំជាច្រើនខែទើបអាចស្បថចូលកាន់ តំណែង។ តែដោយសារតែជ័យជម្នះរបស់លោក Lee កើតមានឡើងក្នុងការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីលោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង នេះមានន័យថាអាណត្តិ របស់លោកត្រូវចាប់ផ្ដើមភ្លាមៗ ក្រោយគណៈកម្មការរៀបចំការបោះឆ្នោតផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃពុធ។
ខាងក្រោមនេះជាចំណុចគួរដឹងពីអ្វីដែលលោក Lee បាននិយាយលើបញ្ហាសំខាន់ៗ៖* គោលនយោបាយការបរទេស៖ លោក Lee ត្រូវបានគេមើលឃើញថាមាននយោបាយដើរបញ្ច្រាសពីអតីតប្រធានាធិបតី លោក Yoon Suk Yeol។ ក្រោមអាណត្តិលោក Yoon កូរ៉េខាងត្បូង មានជំហរតឹងរ៉ឹងចំពោះកូរ៉េខាងជើង និងចិន ហើយល្អូកល្អិនជាមួយសហរដ្ឋអាមេរិក និងបានទុកគំនុំប្រវតិ្តសាស្ត្រមួយឡែកសិនដោយស្ដារទំនាក់ទំនងជាមួយជប៉ុន បើទោះជាធ្វើឱ្យមាន ការមិនពេញចិត្តនៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងក៏ដោយ។ លោក Yoon បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រគ្នា កាន់តែក្ដៅគគុករវាងសហរដ្ឋអាមេរិក និងចិន។ ផ្ទុយពីលោក Yoon លោក Lee បានសន្យាថារូបលោកនឹងផ្សះផ្សារបួសក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង ហើយស្ដារទំនាក់ទំនងល្អជាមួយចិន ខណៈរក្សាសម្ព័ន្ធភាពយោធារឹងមាំជាមួយសហរដ្ឋអាមេរិកដែលលោកបាននិយយថាគួរតែបន្តធ្វើជាមូលដ្ឋានដ៏រឹងមាំមួយនៃការទូតកូរ៉េខាងត្បូង។
<<កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងជប៉ុនពិតជាមានសារៈសំខាន់ណាស់។ ប៉ុន្តែយើងក៏មិនគួរយកពងមាន់របស់យើងទាំងអស់ទៅដាក់ក្នុងកន្ត្រកតែមួយនោះទេ>>។ នេះជា ការគូសបញ្ជាក់របស់លោក Lee។ លោក Lee និងគណបក្សប្រជាធិបតេយ្យរបស់លោកបានចាត់ទុកថាកិច្ចសន្ទនាជាមួយកូរ៉េខាងជើងគឺជាមធ្យោបាយដ៏ល្អមួយដើម្បីបញ្ចៀសកុំឱ្យជម្លោះ ឬសង្រ្គាមផ្ទុះឡើងនៅលើឧបទ្វីបកូរ៉េ និងអាចបន្ធូរបន្ថយភាពតានតឹងជុំវិញសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Lee និងគណបក្សរបស់លោកថែមទាំងបានបញ្ជាក់ជំហរដែរថា នឹងជំរុញលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងពានរង្វាន់ណូបែលសន្តិភាព ប្រសិនបើរូបលោកទទួលបានជោគជ័យនាំមកនូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចចរចាជាថ្មី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោក Lee បានបន្តថា <<វាពិតជាមានសារៈសំខាន់ដើម្បីយកឈ្នះក្នុងសង្រ្គាមួយ តែវារឹតតែសំខាន់ទៅទៀតក្នុងការយកឈ្នះដោយមិនចាំបាច់ មានសង្រ្គាម។ ប៉ុន្តែរឿងដែលល្អប្រសើរបំផុតដើម្បីសន្តិភាព នោះគឺទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង>>។
* ជម្លោះរវាងចិន និងតៃវ៉ាន់៖ គណបក្សប្រជាធិបតេយ្យរបស់លោក Lee មិនចង់ឱ្យកូរ៉េខាងត្បូងជាប់ពាក់ព័ន្ធ ឬត្រូវកៀបជាប់រើខ្លួនមិនរួចនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងចិននោះទេ ក្នុងនោះរួមមានទាំងជម្លោះប្រដាប់អាវុធណាមួយនៅលើកោះតៃវ៉ាន់។ នៅពេលដែលក្រុមអ្នកនយោបាយអភិរក្សនិយមកូរ៉េខាងត្បូងចោទប្រកាន់រូបលោកថាជាមនុស្សសុញខ្លាចមុខខ្លាចក្រោយ លោក Lee បាននិយាយថាផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូងគឺជាអាទិភាពទី១របស់លោក។ <<ថាតើហេតុអ្វីបានជាវាត្រូវតែជារឿងសំខាន់សម្រាប់ពួកយើងដាច់ខាត ប្រសិនបើចិន និងតៃវ៉ាន់ ផ្ទុះសង្រ្គាមនឹងគ្នា>>។ នេះជាការចោទសួររបស់លោក Lee អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
* លោក ត្រាំ និងពន្ធគយ៖ លោក Lee បាននិយាយថារដ្ឋបាលអាណត្តិទី២របស់លោក ដូណាល់ ត្រាំ បានយកច្បាប់ព្រៃមកអនុវត្តលើសណ្ដាប់ធ្នាប់អន្តរជាតិ។ លោក ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូង បង្កើនការចំណាយលើកងទ័ពអាមេរិកដែលកំពុងឈរជើងលើទឹកដីកូរ៉េខាងត្បូង។ លោកក៏បានដំឡើងការយកពន្ធគយលើទំនិញនាំចូលពីកូរ៉េខាងត្បូងផងដែរ ដូចជារថយន្ដ និងដែកថែប ជាដើម។ តាមលោក Lee ការការពារខ្លួនឯងទប់ទល់នឹងការដាក់សម្ពាធឥតឈប់ឈរពីលោក ត្រាំ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពបន្ទាន់នៃនយោបាយការទូតរបស់លោក។ លោក Lee បានគូសបញ្ជាក់ថា <<ខ្ញុំអាចនឹងលូនក្រោមជើងរបស់គាត់ (លោក ត្រាំ) ប្រសិនបើនេះជាអ្វីដែលខ្ញុំត្រូវធ្វើដើម្បីប្រជាជនរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំក៏មិនមែនជាមនុស្សដែលងាយចុះចាញ់នោះដែរ ហើយកូរ៉េខាងត្បូងនៅមានសន្លឹកបៀរមួយចំនួនដើម្បីទាញយកសម្បទាននៅក្នុងកិច្ចចរចាផងដែរ>>។
* សេដ្ឋកិច្ច៖ សេដ្ឋកិច្ចគឺជាបញ្ហាបន្ទាន់បំផុតមួយសម្រាប់លោក Lee។ លោកបាននិយាយថាសេដ្ឋកិច្ចជាបញ្ហាបន្ទាន់មួយបំផុត ពោលគឺបន្ទាន់ជាងការធ្វើកំណែទម្រង់ក្នុងស្រុកទៅទៀត ដើម្បីធ្វើឱ្យ លក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រជាជនល្អប្រសើរឡើង។ លោក Lee បានដើរចេញឆ្ងាយពីប្រពៃណីនៃគណបក្សរបស់លោកដែលតែងតែសន្យាដំឡើងការយកពន្ធលើពួកអ្នកមាន ដោយជំនួសមកវិញ លោកបានអំពាវនាវឱ្យអ្នកបោះឆ្នោតផ្តោតសំខាន់លើកំណើនសេដ្ឋកិច្ច។ <<លក្ខខណ្ឌសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងកាន់អាក្រក់ឡើង ដូច្នេះយើងត្រូវផ្ដល់អាទិភាពបន្ថែមដល់កំណើនសេដ្ឋកិច្ច>>។ នេះជាលើកឡើងរបស់លោក Lee។
* កំណែទម្រង់ក្នុងស្រុក៖ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Lee បានជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងបិទបញ្ចប់អំពើបះបោរ ដោយនិយាយថាការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី របស់លោក Yoon កាលពីខែធ្នូ ឆ្នាំ២០២៤ បានធ្វើឱ្យកូរ៉េខាងត្បូងដើរដល់ផ្លូវបំបែករវាងសាធារណរដ្ឋសេរី និងរបបផ្ដាច់ការ។ ខណៈលោក Lee បាននិយាយថាលោកនឹងមិនសងសឹកលើ គូសត្រូវនយោបាយរបស់លោក បើទោះជាលោកជាប់ឆ្នោត ហើយនឹងផ្សះផ្សាជាតិក៏ដោយ ក៏សត្រូវនយោបាយរបស់លោកនៅតែមានការព្រួយបារម្ភពីការសងសឹកដដែល។ ជាពិសេស ក្រោយ លោក Lee បានសន្យាថានឹងបើកការស៊ើបអង្កេត ហើយដាក់ទោសលើអ្នកទាំងឡាយណានៅក្នុងជួរអតីតរដ្ឋាភិបាលរបស់លោក Yoon ដូចជាយោធា និងអ្នកនយោបាយដែលបានចូលរួមចំណែក ក្នុងការសមគំនិតដាក់កូរ៉េខាងត្បូងឱ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកជាលើកដំបូងក្នុងរយៈពេល ៤៥ឆ្នាំ។
លោក Lee និងគណបក្សរបស់លោកក៏ត្រូវបានរំពឹងដែរថាអនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីគ្រប់គ្រងស្ថាប័នរដ្ឋអាជ្ញា។ លោក Yoon ដែលជាអតីតរដ្ឋអាជ្ញាកូរ៉េខាងត្បូងម្នាក់ បានរងការចោទប្រកាន់ថាបានប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងស្ថាប័នរដ្ឋអាជ្ញាដើម្បីធ្វើស៊ីគូសត្រូវរបស់ខ្លួន ក្នុងនោះរួមមានអ្នកកាសែត និងអ្នកនយោបាយដូចជាលោក Lee ជាដើម។ ក្រុមអ្នកគាំទ្ររបស់លោក Lee វិញថែមទាំងចង់ឱ្យរូបលោកជំរុញឱ្យមានការស៊ើបអង្កេតតាមរយៈសភាលើការចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយក្នុងរង្វង់គ្រួសាររបស់លោក Yoon ទៀតផង៕