កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកវេទិកាតំបន់អាស៊ី ឆ្នាំ២០២៥ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ

Posted By: RoogRog Robot | 21-May-2025 10:19:33

2025-05-21 10:14am

(សៀមរាប)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីបើក វេទិកាតំបន់អាស៊ីឆ្នាំ២០២៥ ស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ក្រោមប្រធានបទ <<ចែករំលែកបទពិសោធន៍ សំដៅកសាងការគ្រប់គ្រងបំណុលប្រកបដោយចីរភាព សម្រាប់ ពេលអនាគត>> ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

វេទិកានេះរៀបចំឡើងក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក Tobias Huschka ប្រធានរតនាគារ នៃ ADB និង លោកស្រី Jyostana Varma នាយិកា ADB ប្រចាំកម្ពុជា។

វេទិកាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង សា្ថប័ន និងអង្គភាពពាក់ព័ន្ធ, គណៈប្រតិភូជាន់ខ្ពស់របស់ ADB ព្រមទាំងប្រតិភូពីបណ្ដាប្រទេសជាសមាជិក ADB និងសា្ថប័នហិរញ្ញវត្ថុអន្តរជាតិនានា សរុបប្រមាណ ១៨០ រូប។

គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាជុំវិញការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈរបស់បណ្តាប្រទេសជាសមាជិក ADB និងជំរុញការភ្ជាប់ទំនាក់ទំនងបណ្តាញ ការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់គ្រងបំណុលសាធារណៈនៃបណ្តាប្រទេសក្នុងតំបន់។ វេទិកានេះ នឹងពិនិត្យពិភាក្សាជារួមលើសា្ថនការណ៍វិវឌ្ឍថ្មីៗនៃសេដ្ឋកិច្ចសកល និងតំបន់, និន្នាការថ្មីៗនៃការគ្រប់គ្រងបំណុលសាធារណៈ, និងតួនាទីនៃការគ្រប់គ្រងបំណុលសាធារណៈក្នុងពេលមានវិបត្តិ សំដៅរិះរកវិធានការបង្ការ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋលេខាធិការ រស់ សីលវ៉ា បានគូសបញ្ជាក់ថា ការវិវត្តនៃភូមិសាស្រ្តនយោបាយ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ និងសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹងខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់និងប្រទេសឱ្យកាន់តែមានភាពស្មុគស្មាញ និងពិបាកព្យាករ ខណៈដែលបញ្ហាបំណុល បាននិងកំពុងក្លាយជាកង្វល់របស់បណ្តាប្រទេសនានាលើសកលលោក ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលត្រូវពិនិត្យ និងដាក់ចេញនូវវិធានការជាអាទិភាពកាន់តែមុតស្រួច និងលម្អិតជាងមុន សំដៅឈានទៅសម្រេចបាននូវការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព។

ការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយ ADB និងបណ្តាដៃគូ អភិវឌ្ឍនានា ក៏ដូចជា ការរួមចំណែករបស់កម្ពុជាក្នុងការលើកកម្ពស់ការគ្រប់គ្រងបំណុលសាធារណៈក្នុង តំបន់ តាមរយៈការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងបំណុលសាធារណៈ។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភព-លោក និង ADB បានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមាន “ចីរភាព” និង “ហានិភ័យបំណុលកម្រិតទាប”។ ជាក់ស្តែង, ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា បានកើនជាលំដាប់ពី ៤,០ ពិន្ទុ នៅឆ្នាំ២០១០ ទៅ ៤,៥ ពិន្ទុ នៅឆ្នាំ២០១១ និងដល់ ៥,០ ពិន្ទុ ចាប់ពីឆ្នាំ២០១២ មក ធៀបនឹងពិន្ទុអតិបរិមា ៦,០។

សមិទ្ធផលទាំងនេះសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍របស់កម្ពុជានូវ គោលការណ៍គន្លឹះចំនួន ៥ ក្នុងការគ្រប់គ្រងបំណុលសាធារណៈ រួមមាន៖ ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២) ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ, ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ៤) ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាពប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាព ខ្ពស់បំផុត, និង ៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោង វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ជាពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិសា្ថន និងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។

គួរបញ្ជាក់ផងដែរថា, នេះ គឺជាការទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ របស់កម្ពុជា សម្រាប់វេទិកាថ្នាក់តំបន់ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ដែលលើកទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៧៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...