(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការរៀបចំពិធីបើកជាផ្លូវការ <<ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥>> រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ <<ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥>> នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពកំណត់យកឆ្នាំ២០២៥ ជា <<ឆ្នាំទេសចរណ៍ កម្ពុជា-ចិន>>។
ព្រឹត្តិការណ៍នេះ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ។ ដោយឡែក នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នឹងមានការសម្ដែងទស្សនីយភាពសិល្បៈរួមគ្នា កម្ពុជា-ចិន សម្រាប់មហាជនទស្សនា នៅបរិវេណសួនច្បារ តេជោមាសតេជោយ៉ត តាមបណ្ដោយផ្លូវថ្មើជើងមាត់ទន្លេចតុមុខ។
ក្រសួងទេសចរណ៍ បានអំពាវនាវដល់សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានាចូលរួមឲ្យបានច្រើនកុះករ ព្រមទាំងចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឲ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឲ្យមក ទស្សនា និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត៕