(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ និងមានការជួបជុំរាប់បាតព្រះសង្ឃ នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ក្នុងស្រុកកំពង់សៀម ដើម្បីឧទ្ទិសកុសលជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការប្រារព្ធពិធី ទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តយ៉ាងស្មុគស្មាញ។
លោកបានបន្តថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ឈានទៅសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ សូមឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន ចូលរួមអនុវត្តនូវចំណុចមួយចំនួនរួមមាន៖
*ទី១៖ សូមចូលរួម ជ្រែងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្ពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបង្រួបបង្រួមកម្លាំងសាមគ្គីប្រជាជាតិខ្មែរទាំងមូល ដោយឥតប្រកាន់ព័ណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពផ្សេងទៀត ដើម្បីកសាងសង្គម។
*ទី២៖ សូមចូលរួម ថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសឯក ដែលបានបញ្ចប់សង្គ្រាមស៊ីវីលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិពេញលេញ។
*ទី៣៖ សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមរយៈការចូលរួមអនុវត្តគោលនយោបាយ <<ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព>> ឱ្យបានរឹងមាំទប់ស្កាត់ និងកម្ចាត់រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋបង្កការបាក់បែកជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាការអភិឌ្ឍ សេដ្ឋកិច្ច សង្គម និងភាពសុខសាន្តជូនប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត។
*ទី៤៖ សូមចូលរួមការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រឆាំងដាច់ខាតរាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។
*ទី៥៖ សូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅរក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យជនណាម្នាក់ទទួលរងគ្រោះ ដោយពុំបានយកចិត្តទុកដាក់នោះឡើយ។
*ទី៦៖ ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ដូចនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គភាពសាធារណៈ និងឯកជន់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់បងប្អូន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងពាក់ម៉ាសក្នុងករណីចាំបាច់៕