រដ្ឋមន្ត្រីក្រសួងរ៉ែ៖ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ​បានជិត ១០០លានដុល្លារ កើនឡើង៧៩% (Video inside)

Posted By: RoogRog Robot | 20-May-2025 14:44:03

2025-05-20 02:38pm

(កំពង់ស្ពឺ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែជូនរដ្ឋ បានប្រមាណ ៩៤.៣២ លានដុល្លារអាម៉េរិក ដែលមានការកើនឡើងប្រមាណ ៧៩% ធៀបនឹងឆ្នាំ២០២៣។

លោក កែវ រតនៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់​ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានឱ្យដឹងបន្ថែមថា ដោយឡែកការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែនៅខេត្តកំពង់ស្ពឺ ​មានជាង៥ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៤ និងប្រមាណជាង១ លានដុល្លារអាម៉េរិក នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ និងផ្តល់ការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួនប្រមាណ១ ៩០០នាក់ ពីការដ្ឋានរ៉ែចំនួន៧៤។

លោកបន្ថែមថា ចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែនិងថាមពល បានឯកភាពឱ្យរដ្ឋបាលឃុំនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ប្រើប្រាស់មូលនិធិរ៉ែក្នុងការអនុវត្តគម្រោងអភិវឌ្ឍនសហគមន៍ មូលដ្ឋានចំនួន ១១ គម្រោង ដោយបានចំណាយថវិកាសរុបចំនួនជាង១ លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពល កំពុងពិនិត្យវាយតម្លៃការស្នើសុំប្រើប្រាស់ មូលនិធិរ៉ែសម្រាប់អនុវត្តគម្រោងថ្មីចំនួន៩ គម្រោងបន្ថែមទៀត ដោយគ្រោងចំណាយថវិកាចំនួនជាង ១លានដុល្លារអាម៉េរិក។

​លោករដ្ឋមន្រ្តី កែវ រតនៈ បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាពក្រោមគោលនយោបាយឈ្នះ-ឈ្នះ​ កម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍវិស័យរ៉ែជាបន្តបន្ទាប់ ដែលមកដល់ពេលនេះ ទោះបីជាវិស័យរ៉ែនៅកម្ពុជានៅក្មេងខ្ចី ក៏កម្ពុជាបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យនេះ តាមរយៈការទាក់ទាញវិនិយោគិន និងបានបង្កើតប្រភពចំណូលថ្មីបន្ថែមគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បច្ចុប្បន្នកម្ពុជាមានការដ្ឋានរ៉ែជាច្រើន សម្រាប់ផលិតផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបាននាំ ផលិតផលរ៉ែចេញទៅក្រៅប្រទេសផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងផលិតកម្មស៊ីម៉ងត៍នៅកម្ពុជាវិញ លោក កែវ រតនៈបានឱ្យដឹងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រចំនួន៦ ដែលបានបោះទុនសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ១១ លានតោនក្នុងមួយឆ្នាំ ​ដោយបានប្រែក្លាយកម្ពុជាពី ប្រទេសនាំចូលស៊ីម៉ងត៍១០០% ពីបរទេស ទៅជាប្រទេសមានលទ្ធភាពផ្គត់ផ្គង់តម្រូវការ ទាំងស្រុងដោយខ្លួនឯង ហើយក៏បានចាប់ផ្តើមនាំចេញទៅប្រទេសថៃ ក្នុងបរិមាណប្រមាណ ជាង ៣០ ០០០ តោនក្នុងឆ្នាំ២០២៤ ថែមទៀតផង។

បន្ថែមពីគម្រោងទាំង៦ខាងលើ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៣ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់រោងចក្រ និងអភិវឌ្ឍការដ្ឋានផងដែរ​៕


































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...