(ហ្កាហ្សា)៖ នៅថ្ងៃអង្គារ ទី២០ ខែឧសភា អាជ្ញាធរនៅតំបន់ហ្កាហ្សា បានអះអាងថា ការវាយប្រហារថ្មីចុងក្រោយរបស់អ៉ីស្រាអែល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤៤នាក់ នៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តួលេខអ្នកស្លាប់ថ្មីខាងលើ គឺគិតចាប់ពីម៉ោង១៖០០នាទីរំលងអធ្រាត្រ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមាន៨នាក់ បានស្លាប់ ក្នុងការវាយប្រហារចំលើសាលារៀន ដែលជាជម្រកអ្នករត់ភៀសខ្លួន ក្នុងទីក្រុងហ្កាហ្សា, ១២នាក់ស្លាប់ ក្នុងការវាយប្រហារចំលើផ្ទះមួយខ្នង នៅតំបន់ Deir el-Balah ភាគកណ្តាលហ្កាហ្សា, ១៥នាក់ស្លាប់ ក្នុងការវាយប្រហារចំស្ថានីយឥន្ធនៈ ក្បែរជំរំជនភៀសខ្លួន Nuseirat និង៩នាក់ទៀតស្លាប់ ក្នុងការវាយប្រហារចំលំនៅដ្ឋាន ក្នុងជំរំ Jabalia។
គួរបញ្ជាក់ថា អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុកនៅហ្កាហ្សា ចាប់តាំងពីចុងសប្តាហ៍មុន ក្រោមគោលដៅបោសសម្អាតក្រុមហាម៉ាស។ កាលពីថ្ងៃចន្ទ អាជ្ញាធរនៅហ្កាហ្សា បានអះអាងថា មនុស្ស៩១នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល។ ក្នុងថ្ងៃដដែលនោះ ក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា មានមនុស្សសរុបយ៉ាងហោច ៣៣៤០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអ៉ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ធ្វើឱ្យតួលេខអ្នកស្លាប់សរុប ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅហ្កាហ្សា កើនដល់៥៣ ៤៨៦នាក់៕