Fresh Exclusive: តើដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាចុងខែឧសភានេះ នឹងផ្តល់ប្រយោជន៍អ្វីខ្លះ ដល់ប្រទេសកម្ពុជា? (Video inside)

Posted By: RoogRog Robot | 19-May-2025 15:10:06

2025-05-19 04:36pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គ្រោងនឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់ឯកឧត្ដម Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន និងចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៣០ ស្តីពី <<អនាគតរបស់អាស៊ី>> ដែលរៀបចំដោយក្រុមហ៊ុន Nikkei Inc នាចុងខែ ឧសភា ឆ្នាំ២០២៥ខាងមុខនេះ។ តើដំណើរទស្សន កិច្ចរវាងពីថ្ងៃទី២៨ដល់៣១ ខែឧសភា ឆ្នាំ២០២៥ នឹងផ្តល់ប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា? Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅ៖

រវាងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ 2025 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru។ ដំណើរទស្សនកិច្ច៤ថ្ងៃ នាចុងខែឧសភា ឆ្នាំ២០២៥ គឺការអញ្ជើញចូលរួមរបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៅក្នុងវេទិកា Nikkei លើកទី៣០ ស្តីពី <<អនាគតនៃអាស៊ី>> ដែលគ្រោងធ្វើនៅថ្ងៃទី២៩-៣០ ខែឧសភានៅទីក្រុងតូក្យូ។

* អ្វីជាវេទិកា Nikkei?

សន្និសីទ Nikkei Future of Asia Conference ដែលរៀបចំជារៀងរាល់ឆ្នាំដោយ Nikkei Inc. ចាប់តាំងពីឆ្នាំ១៩៩៥មក តែងបម្រើជាវេទិកាសំខាន់មួយសម្រាប់អ្នកដឹកនាំផ្នែកនយោបាយ, សេដ្ឋកិច្ច និងការសិក្សាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុងការពិភាក្សាបើកចំហលើបញ្ហាក្នុងតំបន់ និងតួនាទីរបស់អាស៊ីក្នុងបរិបទពិភពលោក។ សន្និសីទនេះ តែងប្រមូលផ្តុំមេដឹកនាំនយោបាយ, សេដ្ឋកិច្ច Academy ដើម្បីពិភាក្សាបញ្ហាតំបន់ និងតួនាទីអាស៊ីនៅក្នុងពិភពលោក។ សន្និសីទ Nikkei Future of Asia Conference លើកទី៣០ សម្រាប់ឆ្នាំ២០២៥នេះ មេដឹកនាំគន្លឹះសំខាន់ៗដែលនឹងត្រូវបង្ហាញមុខលើវេទិកានេះ មានយ៉ាងហោចជាង១០នាក់ ក្នុងនោះក៏រួមមានទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

* ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន ថ្លែងក្តីអបអរសាទរ

ដំណើរអញ្ជើញចូលរួមរបស់សម្តេចបវរធិបតីនៅក្នុងសន្និសីទ <> រៀបចំដោយក្រុមហ៊ុន Nikkei នៅទីក្រុងតូក្យូ ថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានពលរដ្ឋ, និស្សិតនិងពលករខ្មែររស់នៅក្នុងប្រទេសជប៉ុន បានសម្តែងនូវមោទនភាពជាតិខ្មែររបស់ខ្លួនជាខ្លាំង។ នៅមុនដំណើរទស្សនកិច្ចបានមកដល់សាររបស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បានធ្វើឡើងជាច្រើនក្នុងភាពសម្តែងក្តីស្វាគមន៍ ក្នុងនោះក៏រួមមានលោក ហៃ វណ្ណា ផងដែរ៖

<<បាទសូមជម្រាបសួរ ខ្ញុំបាទ ហៃ វណ្ណា ជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុន ខ្ញុំបាទសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រោងមកទស្សនកិច្ចប្រទេសជប៉ុន នាចុងខែឧសភានេះ ដែលក្នុងនោះសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីអនាគតអាស៊ី ដែលរៀបចំដោយក្រុមហ៊ុន Nikkei នាថ្ងៃទី៣០ ខែឧសភា។ ហើយលោកក៏នឹងធ្វើបទបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ជូននិយោជកក្រុមហ៊ុនជប៉ុន ដែលរៀបចំឡើងដោយអង្គការ JETRO ហើយលោកក៏នឹងដឹកនាំប្រតិភូរាជរដ្ឋាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។ ហើយលើសពីនេះទៅទៀត គឺសម្តេចមហាមបវរធិបតី ហ៊ុន ម៉ាណែត នឹងចំណាយពេលដ៏មានតម្លៃរបស់លោកដើម្បីជួយជាមួយបងៗ ប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុន នាថ្ងៃទី៣១ ខែឧសភាខាងមុខនេះផងដែរ។

ដូច្នេះក្នុងនាមខ្ញុំជា ប្រជាពលរដ្ឋខ្មែរមួយរូបនៅក្នុងប្រទេសជប៉ុន សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកទស្សនកិច្ចផ្លូវការនៅជប៉ុននាចុងខែឧសភាខាងមុខនេះ និងសូនជូនពរឱ្យសម្តេចទទួលបានជោគជ័យ និងផ្លែផ្កា ដើម្បីពាំនាំក្រុមហ៊ុនជប៉ុនទៅបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយើងឱ្យកាន់តែច្រើនឡើងសម្រាប់អភិវឌ្ឍន៍ប្រទេសយើងតទៅមុខទៀត>>។

* សារៈសំខាន់នៃសន្និសីទ

សន្និសីទ Nikkei Future of Asia ត្រូវបានគេចាត់ទុកថា ជាវេទិកាអន្តរជាតិដ៏សំខាន់បំផុតមួយរបស់អាស៊ី ជាពិសេសក្នុងស្ថានការណ៍នយោបាយប្រែប្រួលសេដ្ឋកិច្ចរបស់ពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសសង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ ដែលនឹងផ្តល់ឱ្យសន្និសីទ Nikkei Future of Asia ខាងមុខនេះ កាន់តែមានភាពលេចធ្លោឡើងថែមទៀត។

សន្និសីទនឹងផ្តល់ឱកាសពិសេសមួយសម្រាប់មេដឹកនាំដើម្បីពិភាក្សាយ៉ាងច្បាស់លាស់អំពីបញ្ហាក្នុងតំបន់ យុទ្ធសាស្ត្រសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។ កិច្ចប្រជុំលើកទី៣០ នឹងគូសបញ្ជាក់អំពីតួនាទីវិវត្តរបស់អាស៊ីក្នុងកិច្ចការពិភពលោក ជាពិសេសចំពេលមានភាពតានតឹងពាណិជ្ជម្មរវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានការរាំងស្ទះលើខ្សែផ្គត់ផ្គង់ពិភពលោក និងបង្កភាពរំខានដល់ទីផ្សារបរទេស។ ភាពតានតឹងនោះ បានធ្វើឲ្យប្រទេសជាច្រើននៅអាស៊ី ដែលពឹងផ្អែកលើការនាំចេញ មានការថយចុះសេដ្ឋកិច្ច និងតម្រូវឲ្យមានការធ្វើអាជីវកម្មសាជាថ្មីដោយក្តីយកចិត្តទុកដាក់បំផុត។ ដូច្នេះសន្និសីទនាពេលខាងមុខនេះ គឺជាវេទិកាសម្រាប់ដំណោះស្រាយជាគន្លងសន្តិភាពនិងការអភិវឌ្ឍរួម។

* ឥទ្ធិពលសម្រាប់កម្ពុជា

ការដឹកនាំនាវាប្រទេសកម្ពុជាបច្ចុប្បន្នឈានទៅរកវឌ្ឍនភាពសង្គម គឺជាក្រុមចង្កោមយុវជន បន្តវេននៃគណបក្សប្រជាជនកម្ពុជា ដែលសុទ្ធសឹងជាឈាមបន្តវេនដ៏អង់អាច និងមានសមត្ថភាពខ្ពង់ខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សម្តេចបវរធិបតី ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ គឺជាអតីតនិស្សិតខ្មែរលើកដំបូងបង្អស់ដែលទទួលបានសញ្ញាបត្រផ្នែកបណ្ឌិតយោធា Military Academy ពីសាលាបណ្ឌិតសភាយោធាអាមេរិកនៅ West Point, ជាបណ្ឌិតសេដ្ឋកិច្ច PhD ពីសកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស និងក៏មានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យញូយ៉ក ផងដែរ។

ការចូលរួមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងសន្និសីទនិងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា៖

ឥទ្ធិពលទី១ គឺការពង្រឹងទំនាក់ទំនងទ្វេភាគី៖ ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យស៊ីជម្រៅនូវ <<ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ>> រវាងប្រទេសជប៉ុន និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ។

ឥទ្ធិពលទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ ការចូលរួមក្នុងអំឡុងពេលទស្សនកិច្ចនេះ មានគោលបំណងទាក់ទាញការវិនិយោគរបស់ជប៉ុន ដើម្បីជួយកម្ពុជាក្នុងការធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រទេសតែមួយ។ ឥទ្ធិពលនេះ នឹងកាន់តែជួយលើការទាក់ទាញការវិនិយោគអន្តរជាតិ, ការអូសទាញវិនិយោគពីបរទេស ដោយបង្ហាញពីស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។

ឥទ្ធិពលទី៣ គឺសមាហរណកម្មតំបន់៖ ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាថ្នាក់តំបន់ ចាត់ទុកកម្ពុជាជាសមាជិកសកម្មនៃសហគមន៍អាស៊ីប៉ាស៊ីហ្វិក រួមចំណែកដល់ការពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខក្នុងតំបន់ និងបង្កើនកេរ្តិ៍ឈ្មោះ និងភាពជាដៃគូអន្តរជាតិ មានន័យថាការចូលរួមនេះ អាចជួយបង្កើនភាពជាដៃគូអន្តរជាតិ និងបង្ហាញពីតួនាទីសកម្មរបស់កម្ពុជា ក្នុងការចូលរួមពិភាក្សាអំពីបញ្ហាអន្តរជាតិ។ ឥទ្ធិពលទី៣នេះទៀត នឹងជួយបង្កើនសហប្រតិបត្តិការរបស់កម្ពុជាជាមួយប្រទេសជិតខាង រួមទាំងជួយលើការអភិវឌ្ឍទំនាក់ទំនងថ្មីៗជាបន្ថែមទៀត។

ឥទ្ធិពលទី៤ គឺការផ្លាស់ប្តូរចំណេះដឹង៖ អន្តរកម្មជាមួយអ្នកដឹកនាំ និងអ្នកជំនាញពិភពលោកផ្តល់ឱ្យកម្ពុជានូវការយល់ដឹងអំពីការអនុវត្តល្អបំផុត និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលអនុវត្តចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន។ ឥទ្ធិពលទី៤នេះទៀត គឺជាឱកាស ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អាចប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជាថែមទៀត។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុននាពេលខាងមុខ និងការចូលរួមក្នុងសន្និសិទ Nikkei Future of Asia លើកទី៣០ គឺជាតំណាងនៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដើម្បីជំរុញវត្តមានអន្តរជាតិរបស់កម្ពុជា, ធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ច និងចូលរួមកិច្ចសន្ទនាប្រកបដោយអត្ថន័យលើបញ្ហាតំបន់ និងពិភពលោក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានត្រៀមលក្ខណៈដើម្បីចូលរួមចំណែកយ៉ាងសំខាន់ចំពោះសេចក្តីប្រាថ្នារបស់កម្ពុជាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសមាហរណកម្មក្នុងតំបន់។

* ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងជប៉ុនជួបគ្នានៅក្នុងក្រុងតូក្យូ

ក្រៅពីការចូលរួមក្នុងសន្និសិទ Nikkei Future of Asia លើកទី៣០, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba ក្នុងដំណើរបំពេញទស្សនកិច្ចការងារផ្លូវការរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសជប៉ុននាពេលខាងមុខនេះផងដែរ ដែលនឹងក្លាយជាកិច្ចប្រជុំកំពូលលើកដំបូងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២នេះ ចាប់តាំងពីនាយករដ្ឋមន្ត្រី Ishiba ចូលកាន់តំណែងនៅក្នុងប្រទេសជប៉ុន។

យោងតាមក្រសួងការបរទេសជប៉ុន គោលបំណងសំខាន់នៃកិច្ចប្រជុំទ្វេភាគីនឹងរំពឹងលើកិច្ចការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសសកិច្ចពិភាក្សាអំពីវិធីធ្វើឱ្យស៊ីជម្រៅ <<ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ>> រវាងជប៉ុន និងកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។

កិច្ចប្រជុំទ្វេភាគី នឹងផ្តោតលើការដោះស្រាយលើការផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងសកលលោក រួមទាំងកង្វល់សន្តិសុខ និងបញ្ហាប្រឈមសេដ្ឋកិច្ច, ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសដើម្បីទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជា ក្នុងគោលបំណងធ្វើពិពិធកម្មភាពជាដៃគូសេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

*សារៈសំខាន់នៃកិច្ចប្រជុំ

កិច្ចប្រជុំនេះមានសារសំខាន់ជាពិសេស ព្រោះវាបង្ហាញពីការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។ ការពិភាក្សាត្រូវបានគេរំពឹងថានឹងនាំទៅរកលទ្ធផលជាក់ស្តែងដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរីកចម្រើន និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។

ការចូលរួមរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅក្នុងសន្និសីទ Nikkei Future of Asia លើកទី៣០ រួមជាមួយនឹងកិច្ចប្រជុំទ្វេភាគីកំពូលកម្ពុជានិងជប៉ុននេះ បានគូសបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងកិច្ចសន្ទនាក្នុងតំបន់ និងការស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រដើម្បីជំរុញផលប្រយោជន៍ជាតិ។

ការអញ្ជើញចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទាំងនៅក្នុងវេទិកា <> និងក្នុងជំនួបកំពូលនៃថ្នាក់ដឹកនាំកម្ពុជានិងជប៉ុន គឺជាចំណុចសំខាន់មួយនៃការលើកកម្ពស់កេរ្តិ៍ឈ្មោះនិងមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី គឺជាការទទួលស្គាល់របស់តំបន់និងពិភពលោកលើ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលរយៈពេល២៦ឆ្នាំក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដ៏មានឥទ្ធិពលបញ្ចៀសប្រទេសពីវិបត្តិនៃសង្គ្រាម, ពង្រឹងស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរឹងមាំ, និងការចូល រួមរបស់កម្ពុជានៅក្នុងទ្វីប អាស៊ីនិងពិភពលោកកាន់តែមានភាពសកម្មគួរឱ្យកត់សម្គាល់។

ដូច្នេះបើសិនជាមានក្រុមជ្រុលនិយមណា ដែលចង់ប្រើឱកាសនោះបង្កើតនូវរូបភាពប្រឆាំងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី វាគ្រាន់តែជានយោបាយដ៏ជួរជាតិមួយ ក្នុងការចង់បង្អាប់និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដ៏ល្អផូរផង់របស់ខ្មែរ នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...