មេដឹកនាំអឺរ៉ុប ៤រូប គ្រោងនិយាយជាមួយលោក ត្រាំ មុនជំនួបតាមទូរស័ព្ទជាមួយលោក ពូទីន

Posted By: RoogRog Robot | 18-May-2025 20:26:23

2025-05-18 08:21pm

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ថា លោក រួមជាមួយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង និងប៉ូឡូញ មានគោលបំណងនិយាយជាមួយលោក ដូណាល់ ត្រាំ មុនពេលកិច្ចសន្ទនាតាមទូរស័ព្ទដែលបានគ្រោងទុក រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។

លោក Merz បានឲ្យដឹងថា លោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ខណៈដែលមេដឹកនាំទាំងពីរបានចូលរួមពិធី​ឡើង​គ្រង​តំណែង​ជា​ផ្លូវការរបស់សម្តេចប៉ាប Leo ទី១៤ នៅបុរីវ៉ាទីកង់។ លោក Merz ក៏បានបញ្ជាក់ដែរថា លោកបានជួបពិភាក្សាយ៉ាងយូរជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅបុរីវ៉ាទីកង់ផងដែរ។

លោក Merz បានប្រាប់អ្នកសារព័ត៌មានថា <<ខ្ញុំបាននិយាយជាមួយលោក Marco Rubio អំពីការហៅទូរស័ព្ទនៅថ្ងៃទី១៩ ឧសភា រវាងលោក ត្រាំ និងលោក ពូទីន។ ហើយយើងបានយល់ព្រមគ្នាថា យើង (មេដឹកនាំរដ្ឋទាំងបួន) នឹងនិយាយគ្នាម្តងទៀតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីត្រៀមលក្ខណៈសម្រាប់ការសន្ទនាជាមួយលោក ពូទីន>>។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងសម្របសម្រួលនេះ ហាក់ដូចជាមានគោលបំណងដើម្បីធានាថា មានជំហររួម ឬការយល់ដឹងគ្នាទៅវិញទៅមករវាងសម្ព័ន្ធមិត្តលោកខាងលិច មុនពេលមានកិច្ចសន្ទនាដ៏សំខាន់រវាងមេដឹកនាំអាមេរិក និងរុស្ស៊ី ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅអឺរ៉ុប៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...