លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនកុមារកំព្រាចំនួន២មណ្ឌល នៅរាជធានីភ្នំពេញ

Posted By: RoogRog Robot | 18-May-2025 17:20:22

2025-05-18 05:15pm

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនទារក និងកុមារកំព្រា ដែលត្រូវឪពុកម្តាយបង់បោះចោល ដោយមិនអាសូរ ហើយត្រូវបានមករស់នៅក្រោមដំបូងនៃមណ្ឌលកុមាកំព្រាមែកឈើ និងមណ្ឌលជួយសង្គ្រោះជនអស់សង្ឃឹម ដែលស្ថិតនៅភូមិលិចវត្ដ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងកម្មវិធីចុះពិនិត្យព្យាបាលជំងឺខាងលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ដល់កុមារា កុមារីដ៏សែនអភ័ព្វ រួមទាំងលោកអ្នកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃមណ្ឌលកុមារកំព្រាទាំងពីរនេះផងដែរ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរៀបចំនូវអាហារសម្រន់ដ៏សែនឈ្ងុយឆ្ងាញ់មួយពេលជូនដល់កូនៗកុុមារកំព្រា មានដូចជា ភីហ្សា ទឹកដោះគោ នំចំណី និងភេសជ្ជៈមួយចំនួនទៀត ដែលបានបង្កើតបរិយាសដ៏សែនរីករាយ និងកក់ក្ដៅ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ទន្ទឹមនឹងនោះ លោក ផន ផល្លា ទីប្រឹក្សាមណ្ឌលមែកឈើ បានថ្លែងទាំងរំភើបចិត្ដ និងរៀបរាប់ពីប្រវត្ដិនៃការបង្កើតមណ្ឌលនេះ និងភាពខ្វះខាតសម្រាប់ផ្គត់ផ្គង់ដល់កុមារ និងទារកដ៏កំសត់ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាពិសេសបានថ្លែងអំណរគុណដល់ទឹកចិត្ដដ៏បរិសុទ្ធ និងជ្រះថ្លារបស់លោកជំទាវបណ្ឌិតដែលបានជួយកូនៗទាំងស្បៀងអាហារ សម្ភារៈសិក្សា និងថវិកា ដែលជួយសម្រាលនូវបន្ទុកយ៉ាងច្រើនរបស់មណ្ឌល ក្នុងការមើលថែក្មេងៗ។ ពិសេសជាងនេះទៅទៀត គឺបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ ចុះមកពិនិត្យព្យាបាលជំងឺជូនដល់កុមារតូចៗដោយផ្ទាល់ ដែលបានជួយលើកកម្ពស់សុខភាពជូនដល់កូនក្មួយតូចៗ ពិសេសផ្ដល់នូវសេចក្ដីអាណិតស្រលាញ់ និងភាពកក់ក្ដៅជាពន់ពេក។

សម្រាប់លោក ឆាត់ ថុន នាយកអង្គការជួយសង្រ្គោះជនអស់សង្ឃឹម ក៏បានលើកឡើងផងដែរថា លោកពិតជាសប្បាយរីករាយជាខ្លាំង ជំនួសមុខឱ្យកូនៗនៅក្នុងមណ្ឌល លោកសូមគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះទឹកចិត្ដសណ្ដោប្រណី និងក្ដីស្រលាញ់ជូនដល់កុមារដោយមិនរើសអើង ថែមទាំងផ្ដល់នូវក្ដីអាណិតស្រលាញ់ ដែលល្អរកអ្វីផ្ទឹមពុំបានឡើយ ។សម្រាប់ថ្ងៃនេះកូនៗនិងបុគ្គលិក បានទទួលទាំងអាហារដ៏សែនឆ្ងាញ់ និងកម្របានបរិភោគ រួមទាំងបានពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលផ្ដល់ភាពចំណេញជាច្រើនមែនទែនដល់រូបលោកផ្ទាល់ និងកូនៗទាំងអស់គ្នា។

សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺជូនកុមារកំព្រានៅក្នុងមណ្ឌលទាំងពីរដោយឥតគិតថ្លៃរួមមាន៖ ពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ពិនិត្យឈាម និងជំងឺផ្សេងៗទៀត៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...