(ថៃ)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កម្ពុជា-ថៃ បើកកិច្ចប្រជុំទ្វេភាគីលើកទី១៥ ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តក្រាប៊ី ប្រទេសថៃ ដែលភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងភាគីដឹកនាំដោយឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។
ថ្លែងក្នងកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ផានុរក្ស លក្ខបុណ្យ បានថ្លែងពីកិច្ចសហប្រតិបត្តិការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនថៃ-កម្ពុជា ក្រោមស្មារតីរួមគ្នាពិភាក្សាលើកកម្ពស់ប្រសិទ្ធភាពដោះស្រាយបញ្ហាគ្រឿងញៀន ហើយលោកក៏បានថ្លៃងអំណរគុណភាគីកម្ពុជាដែលតែងតែរួមសហការគ្នាយ៉ាងល្អសំដៅអនុវត្តឲ្យបាននូវខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីថៃ-កម្ពុជា ដែលបានផ្ដល់ជូនប្រជាពលរដ្ឋប្រទេសយើងទាំងពីរនូវសន្តិសុខ ភាពសុខសាន្តនិងការអភិវឌ្ឍ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងអំណរគុណភាគីថៃដែលតែងតែឧបត្ថម្ភគាំទ្រ ក្នុងក្នុងគោលបំណងរួមគ្នាបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ឆ្លងកាត់ព្រំដែនក៏ដូចជាការបង្ការទប់ស្កាត់ការប្រើប្រាស់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ការលួចបង្វែរសាធាតុគីមីផ្សំទៅធ្វើជាគ្រឿងញៀន តាមរយៈយន្តការទ្វេភាគី ដោយផ្ដោតទៅលើការងារពង្រឹងសមត្ថភាពមន្ត្រី ការងារស្រាវជ្រាវនានា ការផ្លាស់ប្ដូរព័ត៌មាន ដែលបម្រើដល់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្រោយពីរពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាភាគីទាំងពីរកម្ពុជាថៃបានឯកភាពគ្នាទៅលើការងារចំនួន៥៖
*ទី១៖ ការត្រួតពិនិត្យគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី*ទី២៖ ការវិភាគគ្រឿងញៀន និងការចងក្រងឯកសារអត្តសញ្ញាណ*ទី៣៖ ការអប់រំ បង្ការ ការប្រើបំពានគ្រឿងញៀន*ទី៤៖ ការព្យាបាល ស្តារនីតិសម្បទាន*ទី៥៖ កិច្ចសហការក្នុងការលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានេះ ភាគីទាំងពីរកម្ពុជា-ថៃ ក្រោយពីបានឯកភាពនៅលើចំណុចទាំង៥ ខាងលើដើម្បីបន្តអនុវត្ត គឺសុទ្ធតែបានចាត់ទុកស្មារតីនៃកិច្ចប្រជុំលើកនេះគឺបានពីកិច្ចពិភាក្សាទូលំទូលាយ និងស៊ីជម្រៅប្រកបដោយស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមកចេញលទ្ធផលប្រកបដោយផ្លែផ្កា និងជាផែនទីនាំផ្លូវក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងប្រទេសយើងទាំងពីរ ក៏ដូចជាការចូលរួមក្នុងយន្តការតំបន់ទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមមួយកម្រឹតទៀត៕