រដ្ឋបាលខេត្តរតនគិរី រៀបចំព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

Posted By: RoogRog Robot | 14-May-2025 09:20:34

2025-05-14 03:15pm

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា។

ពិធីបុណ្យចម្រើនព្រះជន្មនេះបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាព លោក ជា ថារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមានការនិមន្តចូលរួមពី ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៩ ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង៩ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនស្រលាញ់សន្តិភាព យុវជនកាកបាទក្រហមយ៉ាងច្រើនកុះករ។

ក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានអានសារលិខិតថ្វាយព្រះពរ ដែលមានខ្លឹមសារថា ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទ សាធុការពរជ័យ បវរសួស្តីសិរីមង្គល មហាប្រសើរគ្រប់ប្រការ ប្រកបដោយក្តី​កតញ្ញូតាធម៌​ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទានព្រះមហាករុណាទិគុណដល់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមក។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការចំណាយព្រះបញ្ញាញាណ ព្រះកាយពលគ្រប់ពេលវេលា ក្នុងបុព្វហេតុជួយដល់ជាតិ មាតុភូមិ និងប្រជារាស្ត្រ​របស់ព្រះអង្គ​ប្រកបដោយព្រះរាជហឬទ័យមហាសប្បុរស សណ្តោសប្រោសប្រណីដ៏ថ្លៃថ្លាជាទីបំផុត រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះវស្សាដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ទេវតា រក្សាមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោកសូមប្រោះប្រទាននូវទឹកមន្តអម្រឹត ប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្ត្រខ្មែរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...