អគ្គលេខាធិការអាស៊ាន បញ្ចប់ទស្សនកិច្ចការងារដោយជោគជ័យនៅនូវែលសេឡង់

Posted By: RoogRog Robot | 14-May-2025 09:09:04

2025-05-14 03:05pm

(នូវែលសេឡង់)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនូវែលសេឡង់, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅប្រទេសនូវែលសេឡង់ ហើយនៅព្រឹកថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអូកក្លិន ប្រទេសនូវែលសេឡង់។

នាឱកាសអញ្ជើញទៅសាកលវិទ្យាល័យអូកក្លិន (University of Auckland) បណ្ឌិត កៅ គឹមហួន បានទទួលស្វាគមន៍ជាផ្លូវការ ជាមួយនឹង Pōwhiri ដែលជាប្រពៃណីទទួលបដិសណ្ឋារកិច្ច និងជាការគោរព របស់ជនជាតិដើម Māori ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ព្រមទាំងការបង្ហាញជូនវប្បធម៌ដ៏ប្រពៃរបស់ជនជាតិដើម។

នៅព្រឹកថ្ងៃចន្ទ បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Dawn Freshwater អធិការបតីរងសាកលវិទ្យាល័យអូកក្លិន ជុំវិញការរិះរកកាលានុវត្តភាពដើម្បីពង្រឹងកិច្ចសហការរវាង សាកលវិទ្យាល័យក្នុងអាស៊ាន និងក្នុងប្រទេសនូវែលសេឡង់។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការជំរុញភាពជាដៃគូផ្នែកសិក្សាធិការ និងស្រាវជ្រាវ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍការអប់រំ និងការអភិវឌ្ឍនៅក្នុងតំបន់។

អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់បាឋកថាជាសាធារណៈ ស្តីពី <<ភាពជាដៃគូអាស៊ាន-នូវែលសេឡង់>> ៖ រយៈពេល ៥ទស្សវត្សរ៍នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ នៅឯសាកលវិទ្យាល័យអូកក្លិន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីភាពជាដៃគូយូរអង្វែងរវាងអាស៊ាន ជាមួយនូវែលសេឡង់ ក្នុងរយៈពេល ៥ ទស្សវត្សរ៍កន្លងមក ជុំវិញសសរស្តម្ភទាំង ៣ នៃសហគមន៍អាស៊ាន ព្រមទាំងការតភ្ជាប់អាស៊ាន។

អគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសនូវែលសេឡង់ ដែលជាដៃគូយូរអង្វែងមួយក្នុងចំណោមដៃគូផ្សេងទៀតរបស់អាស៊ាន ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងដំណើរការកសាងសហគមន៍។ លោកបណ្ឌិត កៅ គឹមហួន ក៏បានជម្រាបជូនថា ឆ្នាំនេះគឺជាប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់អាស៊ាន ស្របពេលដែលអាស៊ាននឹងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាចក្ខុវិស័យរយៈពេល ២០ ឆ្នាំ ព្រមទាំងផែនការយុទ្ធសាស្ត្រ។ ជាមួយគ្នានេះដែរ ឆ្នាំ២០២៥ អាស៊ាន និងនូវែលសេឡង់ ក៏ប្រារព្វខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាផងដែរ។

នៅរសៀលថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងអូកក្លិន ប្រទេសនូវែលសេឡង់ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញពិសាបាយថ្ងៃត្រង់រៀបចំដោយបណ្ឌិត Erik Lithander ឧបការីអធិការបតីរងសាកលវិទ្យាល័យអូកក្លិន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហការដែលអាចធ្វើទៅបាន ដើម្បីពង្រឹងនវានុវត្តន៍តំបន់ និងពង្រឹងទំនាក់ទំនងផ្នែកអប់រំរវាងរវាងអាស៊ាន ជាមួយនូវែលសេឡង់ ស្របពេលនៃខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់។

អគ្គលេខាធិការអាស៊ានបានជួបជាមួយតំណាងមកពីក្រុមហ៊ុន Plant & Food Research Ltd ដើម្បីពិភាក្សាអំពីតួនាទីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការធ្វើបរិវត្តកម្មវិធីសាស្ត្រផលិតម្ហូបអាហារ។ អគ្គលេខាធិអាស៊ាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានអាស៊ាន ក្នុងការកំណត់ និងអនុវត្តគម្រោង និងកម្មវិធីប្រកបដោយអត្ថន័យ សំដៅជំរុញកសិកម្មដែលបង្កើតឡើងវិញ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការប្រើប្រាស់កសិផលគីមីដែលគ្រោះថ្នាក់ ព្រមទាំង ជំរុញការអនុម័តបច្ចេកវិទ្យានវានុវត្តន៍ ក្នុងការផលិតទំនិញកសិកម្ម។

នៅរសៀលថ្ងៃចន្ទ អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាននូវែលសេឡង់ (ANZBC)។ ការជួបជុំនេះ បានផ្តល់ឱកាសក្នុងការផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងការពង្រឹងទំនាក់ទំនងធុរកិច្ចរវាងអាស៊ាន និងនូវែលសេឡង់។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញភាពជាដៃគូរវាងអាស៊ាន និងនូវែលសេឡង់ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តសហការ ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងបរិយាប័្នន។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីវែលលីងតុន ប្រទេសនូវែលសេឡង់ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោកជំទាវ Erica Stanford រដ្ឋមន្ត្រីអប់រំប្រទេសនូវែលសេឡង់ ដើម្បីរិះរកវិធីដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអប់រំរវាងអាស៊ាន និងនូវែលសេឡង់។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការពង្រីកចល័តភាពរបស់សិស្សនិស្សិត រួមទាំងអាហារូបករណ៍ ការពង្រឹងការផ្លាស់ប្តូរគ្រូបង្រៀន និងការពង្រឹងភាពជាដៃគូ ដើម្បីបង្កើនការកសាងសមត្ថភាព ព្រមទាំងលើកទឹកចិត្តឱ្យមានការអប់រំប្រកបដោយគុណភាព ដែលមានបរិយាប័្នន និងសមធម៌។

នៅព្រឹកថ្ងៃអង្គារ អគ្គលេខាធិការអាស៊ានត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងប្រពៃណីបែបជនជាតិ នៅឯក្រសួងការបរទេស និងពាណិជ្ជកម្ម ដែលឆ្លុះបញ្ចាំងពីបដិសណ្ឋារកិច្ចរបស់ប្រទេស Aotearoa (នូវែលសេឡង់ របស់ភាសាជនជាតិដើម Maori) ព្រមទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ប្រពៃណីវប្បធម៌ ដែលបញ្ជាក់ពីទំនាក់ទំនងរវាងអាស៊ាន ជាមួយនូវែលសេឡង់។

នៅព្រឹកថ្ងៃអង្គារ អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយឯកឧត្តម Grahame Morton អនុរដ្ឋលេខាធិការ ទទួលបន្ទុកតំបន់អាមេរិក និងអាស៊ី និងជាឧត្តមមន្ត្រីអាស៊ានរបស់នូវែលសេឡង់ ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតមកពីក្រសួងការបរទេស និងពាណិជ្ជកម្មរបស់នូវែលសេឡង់។ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងនូវែលសេឡង់ ដោយកត់សម្គាល់ថាអាស៊ាន និងនូវែលសេឡង់ទើបរៀបចំកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ៣២ ព្រមទាំងការត្រៀមរៀបចំកំពុងបន្តសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នៅខែតុលា ខាងមុខ ក្នុងប្រទេសម៉ាឡេស៊ី។

នៅរសៀលថ្ងៃអង្គារ អគ្គលេខាធិការអាស៊ានបានអញ្ជើញពិសាអាហារការងារថ្ងៃត្រង់ជាមួយលោក Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនូវែលសេឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងអាស៊ាន ជាមួយនូវែលសេឡង់ ព្រមទាំងបានរិះរកវិធីដើម្បីធ្វើឱ្យភាពជាដៃគូដែលមានជាយូរមកហើយនេះកាន់តែមានអត្ថន័យ ជាពិសេស មុនពេលកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ នៅខែតុលា ខាងមុខ។

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីវែលលីងតុន ប្រទេសនូវែលសេឡង់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញទស្សនានៅបណ្ណាល័យជាតិរបស់នូវែលសេឡង់។ បង្កើតឡើងក្នុងឆ្នាំ១៩៦៥ បណ្ណាល័យជាតិនេះ មានមុខងារបង្កើនជីវិតវប្បធម៌ និងសេដ្ឋកិច្ចរបស់នូវែលសេឡង់ និងការផ្លាស់ប្តូរជាមួយប្រជាជាតិផ្សេងទៀត។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរចំពោះការចងក្រងដ៏គួរឱ្យស្ញប់ស្ញែងរបស់បណ្ណាល័យ ក៏ដូចជា ការប្តេជ្ញាចិត្តក្នុងការថែករក្សាបេតិកភណ្ឌឯកសារ ចំណេះដឹងផ្នែកសិក្សាធិការ និងអក្សរសាស្ត្រ សម្រាប់អ្នកជំនាន់ក្រោយផងដែរ។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយ លោកស្រី Judith Collins KC រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន និងនូវែលសេឡង់ ក្នុងវិស័យការពារជាតិ ជាពិសេស នៅក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus)។ ភាគីទាំងពីរទន្ទឹងជួបគ្នាម្តងទៀត នៅក្នុងឱកាសនៃកិច្ចប្រជុំ ADMM-Plus ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ។

អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Simon Watts រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុនូវែលសេឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងនូវែលសេឡង់ ស្តីពីសកម្មភាពអាកាសធាតុ និងបញ្ហាពាក់ព័ន្ធនឹងបរិស្ថានផ្សេងៗ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍផែនការសកម្មភាពអាស៊ាន-នូវែលសេឡង់ ឆ្នាំ២០២៦-២០៣០ ព្រមទាំងកិច្ចការមួយចំនួនទៀត។

អគ្គលេខាធិការអាស៊ានបានជួបជាមួយក្រុមបញ្ញាវន្ត ASEAN Manaaki ដែលសិក្សានៅសាកលវិទ្យាល័យ Victoria។ ការជួបជុំនេះ បានផ្តល់ឱកាសដល់ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើការប្រាស្រ័យទាក់ទង ជាមួយនិស្សិតអាស៊ាន ដែលកំពុងបន្តការសិក្សាក្នុងប្រទេសនូវែលសេឡង់ នៅក្រោមកម្មវិធីអាហារូបករណ៍ Manaaki នូវែលសេឡង់។ នៅក្នុងឱកាសនោះ បណ្ឌិត កៅ គឹមហួន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំ ការផ្តល់អំណាចដល់យុវជន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកដ៏មានសារៈសំខាន់នៃសហគមន៍អាស៊ាន។

នៅរសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីវែលលីងតុន ប្រទេសនូវែលសេឡង់ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបជាមួយក្រុមបញ្ញាវន្ត ASEAN Manaaki ដែលសិក្សានៅសាកលវិទ្យាល័យ Victoria។

ការជួបជុំនេះ បានផ្តល់ឱកាសដល់ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើការប្រាស្រ័យទាក់ទងជាមួយនិស្សិតអាស៊ាន ដែលកំពុងបន្តការសិក្សាក្នុងប្រទេសនូវែលសេឡង់ នៅក្រោមកម្មវិធីអាហារូបករណ៍ Manaaki នូវែលសេឡង់។ នៅក្នុងឱកាសនោះ បណ្ឌិត កៅ គឹមហួន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំ ការផ្តល់អំណាចដល់យុវជន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាផ្នែកដ៏មានសារៈសំខាន់នៃសហគមន៍អាស៊ាន៕


























































































































Photo from Dara Lux

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...