(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បាននាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ របើកដំបូលផ្ទះមួយខ្នង សាងសង់ពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក គង់ វុទ្ធី អាយុ៤០ឆ្នាំ មានភរិយា និងកូនចំនួន៥នាក់ បានបញ្ជាក់ថា នៅវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ មានខ្យល់កន្ត្រាក់ បានគួចបោកបក់ ចំផ្ទះរបស់គាត់ ហើយបណ្ដាលឱ្យរបើក និងប៉ើងដំបូលផ្ទះអស់ទាំងស្រុង ប៉ុន្តែ មិនមានការគ្រោះថ្នាក់ដល់កូនចៅ ដែលនៅក្នុងផ្ទះឡើយ ហើយបន្ទាប់មកភ្លៀងមួយមេបានធ្លាក់មកជាបន្តបន្ទាប់បណ្ដាលឱ្យគាត់នឹងក្រុមគ្រួសាររត់ទៅជ្រកនៅផ្ទះប្រជាពលរដ្ឋនៅជិតខាង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវសោកស្ដាយចំពោះការខូចខាតដោយគ្រោះមហន្តរាយខ្យល់កន្ទ្រាក់បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នងនៅពេលនេះ និងបានពាំនាំដោយការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ទីណាដែលប្រជាពលរដ្ឋមានទុក្ខលំបាក ថ្នាក់ដឹកនាំយើងតែងតែណែនាំឱ្យកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ទៅជួយដោះស្រាយការលំបាកនេះ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានចាត់តាំងកងកម្លាំង រួមជាមួយប្រជាពលរដ្ឋ ដើម្បីជួសជុលដំបូលផ្ទះ ដែលខូចខាតរបស់ពួកគាត់ឡើងវិញ និងបានជួយឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារលោក គង់ វុទ្ធី នូវស័ង្កសីចំនួន២០ សន្លឹក អង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៉ីវ ចំនួន២យួរ និងត្រីខកំប៉ុង ចំនួន ២យួរផងដែរ។
លោក គង់ វុទ្ធី និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែជួយដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជន និងប្រជាជននៅគ្រប់ទីកន្លែង និងបានសូមគោរពជូនពរសម្ដេចនិង លោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕