សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំអំណោយ និងថវិកា ចូលរួមបុណ្យសពបុរស២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកស្វាយចេក

Posted By: RoogRog Robot | 14-May-2025 08:06:20

2025-05-14 02:03pm

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយចេក បាននាំយកអំណោយ និងថវិកា ចូលរួមបុណ្យសពបុរស២នាក់ ដែលត្រូវបានរន្ទះបាញ់ស្លាប់ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខណៈធ្វើដំណើរទៅដាក់អន្ទាក់កណ្តុរចូលជ្រកភ្លៀងក្នុងខ្ទម។

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក អ៊ុំ រាត្រី បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលបានជួបគ្រោះធម្មជាតិត្រូវរន្ទះបាញ់ស្លាប់។

លោកបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានចាត់ក្រុមការងារនាំយកនូវអំណោយក៏ដូចជាថវិកាដើម្បីចូលរួមបុណ្យសព។ លោកលើកឡើងថា កាកបាទក្រហមកម្ពុជា តែងតែបងប្អូនជានិច្ច នៅពេលណាដែលបងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាក តែងតែមានកាកបាទក្រហម ជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈជានិច្ច។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៦៖៣០នាទីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខ្ទម នៅមាត់ផ្លូវជាតិ៥៦អា ស្ថិតនៅភូមិនៅខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក មានករណីរន្ទះបាញ់ បានឆក់យកជីវិតបុរស២នាក់ ធ្វើដំណើរទៅដាក់អន្ទាក់កណ្តុរ ខណៈចូលជ្រកភ្លៀងក្នុងខ្ទម ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ រួមមានទី១៖ ឈ្មោះ អឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៨ឆ្នាំ, និងទី២៖ ឈ្មោះ អឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ។ ជនរងគ្រោញទាំង២នាក់ រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...