(ម៉ុងតេវីដេអូ)៖ លោក Jose Mujica អតីតមេដឹកនាំនៃប្រទេសអ៊ុយរូហ្កាយ ដែលមានរហស្សនាមថា <<ប្រធានាធិបតីក្រីក្របំផុតនៅលើពិភពលោក>> ទើបតែទទួលមរណភាពនៅវ័យ៨៩ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។
ប្រធានាធិបតីអ៊ុយរូហ្កាយ លោក Yamandu Orsi បានប្រកាសដំណឹងមរណភាពរបស់លោក Mujica កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ លោក Mujica គឺជាអតីតសមាជិកក្រុមឧទ្ទាមឆ្វេងនិយម ដែលបានក្លាយជាប្រធានាធិបតីអ៊ុយរូហ្កាយ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺមហារីកបំពង់ក កាលពីឆ្នាំ២០២៤។ អ្នកនយោបាយជុំវិញពិភពលោក ជាពិសេសអ្នកមាននិន្នាការឆ្វេងនិយម នៅតំបន់អាមេរិកឡាទីន បាននាំគ្នាសម្តែងការសោកស្តាយ ចំពោះដំណឹងមរណភាពរបស់លោក៕
គួរបញ្ជាក់ថា អតីតមេដឹកនាំអ៊ុយរូហ្កាយរូបនេះ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ និងទទួលបានការស្ងើចសរសើរខ្លាំង សម្រាប់ការរក្សាលក្ខណៈរស់នៅបែបសាមញ្ញបំផុត បើទោះបីជាអំឡុងពេលលោកមានមុខតំណែងជាប្រធានាធិបតីក៏ដោយ។ ជំនួសឱ្យវិមានប្រធានាធិបតី លោក Mujica បានសម្រេចជ្រើសរើសស្នាក់នៅផ្ទះកសិកររបស់លោក ដែលស្ថិតនៅជាយរដ្ឋធានីម៉ុងតេវីដេអូ ហើយជិះរថយន្ត Volkswagen ចាស់១គ្រឿង។
កាលពីឆ្នាំ២០២២ ក្នុងកិច្ចសម្ភាសមួយជាមួយសារព័ត៌មាន Aljazeera លោក Mujica បាននិយាយថា ភាពមានស្តុកស្តម្ភ អាចធ្វើឱ្យមេដឹកនាំប្រទេសឃ្លាតឆ្ងាយពីប្រជាជនរបស់ខ្លួន។ លោកបានបកស្រាយយ៉ាងដូច្នេះថា <<ខ្ញុំជឿជាក់ថា អ្នកនយោបាយ គួរតែរស់នៅដូចប្រជាជនភាគច្រើនរបស់ពួកគេ មិនមែនដូចប្រជាជនភាគតិច ដែលមានទ្រព្យសម្បត្តិហូរហៀរ នោះឡើយ>>៕