អភិបាលខេត្តសៀមរាប រំលេចពីជោគជ័យនៃការចូលរួមចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូនាពេលកន្លងមក

Posted By: RoogRog Robot | 13-May-2025 05:50:59

2025-05-13 12:48pm

(សៀមរាប)៖ មានប្រសាសន៍ក្នុងរបាយការណ៍ជូនអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានរៀបរាប់ពីបទពិសោធ និងសមិទ្ធផលនៃការចូលរួម ក្នុងកម្មវិធីវាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ ចាប់ពីការរៀបចំសេចក្ដីជូនដំណឹងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក (គ.វ.ក.) រហូតដល់ដំណាក់កាលនៃការពិនិត្យនិងវាយតម្លៃចុងក្រោយពី គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។

ជាលទ្ធផល ខេត្តសៀមរាប ទទួលបានអង្គភាពជ័យលាភីចំនួន៣ ក្នុងចំណោមបេក្ខភាពជ័យលាភីទូទាំងប្រទេស រួមមាន៖ (១) មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២, (២) វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ទទួលបានជ័យលាភីលេខ៧ និង (៣) សាលាមត្តេយ្យសិក្សាធនធានអង្គរ ទទួលបានជ័យលាភីលេខ៧។

ទន្ទឹមនឹងនេះ លោកអភិបាល បានជម្រាបជូនអង្គសិក្ខាសាលាផងដែរថា សម្រាប់ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបន្តជំរុញការយកចិត្តទុកដាក់លើចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល និងកំណត់យកអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ជាគោលដៅនៃការវាយតម្លៃ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ភាពជោគជ័យនៃការអនុវត្តការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទៅតាមដំណាក់កាលនីមួយៗ គឺដោយសារមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការគាំទ្រនិងជំរុញការអនុវត្តចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈ នៅតាមបណ្ដាអង្គភាពអប់រំ និងសុខាភិបាលនៅមូលដ្ឋាន។

លោក ប្រាក់ សោភ័ណ បានបញ្ជាក់ថា៖ ការយកចិត្តទុកដាក់ដ៏មានសារៈសំខាន់របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ គឺក្នុងន័យដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង ជាក់ស្ដែងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានរៀបចំសម្រាប់សមាសភាពពាក់ព័ន្ធនៃខេត្តខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...