ទោះកំពុងជាប់ឃុំនៅឡាអេ អតីតមេដឹកនាំហ្វីលីពីន លោក Duterte ឈ្នះក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង

Posted By: RoogRog Robot | 13-May-2025 02:18:53

2025-05-13 09:16am

(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ​Rodrigo Duterte បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងប្រចាំទីក្រុង Davao ដែលជាទីកន្លែងកំណើតរបស់ លោកជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី បើទោះជារូបលោកកំពុងជាប់ឃុំនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លើបទចោទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្រ្គាមប្រឆាំងគ្រឿងញៀនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលទ្ធផលបោះឆ្នោតរាប់បាន ៨០ភាគរយ លោក Duterte ដែលត្រូវបានអាជ្ញាធរហ្វីលីពីនរបស់រដ្ឋាភិបាលប្រធានាធិបតី លោក Ferdinand Marcos Jr ចាប់បញ្ជូនទៅកាន់តុលាការ ICC ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីខែមីនាកន្លងទៅ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងប្រចាំទីក្រុង Davao ដោយទទួលបានសំឡេងគាំទ្រ ច្រើនជាងគូប្រជែងរបស់លោកដល់ទៅ៨ដង។

ជ័យជម្នះរបស់លោក Duterte អំឡុងការបោះឆ្នោតថ្នាក់ជាតិពាក់កណ្ដាលអាណត្តិកាលពីថ្ងៃចន្ទ ទី១២ ខែឧសភា គឺជាការធ្វើតេស្ដមួយលើឥទ្ធិពលរបស់អតីតមេដឹកនាំហ្វីលីពីនរូបនេះ នៅក្នុងទីក្រុង Davao ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

លោក Duterte គឺជាអតីតមេដឹកនាំអាស៊ានដំបូងគេបំផុតដែលត្រូវបាននាំខ្លួនឡើងសវនាការតុលាការ ICC។ ការចាប់ខ្លួនរូបលោកដោយប៉ូលិសហ្វីលីពីនតបតាមសំណើរបស់ ICC បានបង្កការភ្ញាក់ផ្អើល និងការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមប្រជាជនហ្វីលីពីនដែលជាអ្នកគាំទ្ររូបលោក។ នៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះដែរ ក្រុមអ្នកវិភាគមួយចំនួនបាននិយាយថាការចាប់ខ្លួនលោក Duterte នឹងកាន់តែជំរុញប្រជាប្រិយភាពរបស់លោក និងគ្រួសាររបស់លោកកាន់តែខ្លាំងឡើងនៅក្នុងទីក្រុង Davao និងក្នុងប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា កូនប្រុស២នាក់របស់លោក Duterte ក៏ត្រូវបានគេរំពឹងថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី១២ ខែឧសភាផងដែរ ដោយក្នុងនោះម្នាក់អាចជាប់ឆ្នោតជា តំណាងរាស្ត្រ និងម្នាក់ទៀតអាចជាប់ឆ្នោតជាចៅហ្វាយក្រុងរងនៃទីក្រុង Davao ហើយដែលទំនងជាអាចនឹងកាន់តំណែងជាចៅហ្វាយក្រុងក្នុងពេលអវត្តមានឪពុករបស់លោក៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...