រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ

Posted By: RoogRog Robot | 13-May-2025 01:10:51

2025-05-13 08:07am

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖

១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ

២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ

និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖

១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ

២) ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន

៣) គាំទ្រផ្តល់មធ្យបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូនដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួលដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត

៤) ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...