និយ័តករមូលបត្រកម្ពុជា បន្តពិគ្រោះយោបល់លើ «សេចក្តីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យមូលបត្រឆ្នាំ២០២៥-២០៣៥»

Posted By: RoogRog Robot | 12-May-2025 15:34:47

2025-05-12 03:32pm

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើ <<សេចក្តីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥>> ដែល​ផែនការមេនេះ នឹងតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញក្រុមហ៊ុននានា ឱ្យចុះបញ្ជីក្នុងទីផ្សារបន្ថែមទៀត ទាក់ទាញ​វិនិយោគជាតិ និងបរទេស ឱ្យវិនិយោគនៅក្នុងទីផ្សារ និងបង្កើនភាពងាយស្រួល ដល់វិនិយោគិនក្នុងការជួញដូរ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ <<សេចក្តីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ឆ្នាំ២០២៥-២០៣៥>> នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជាបានថ្លែងថា វិស័យមូលបត្រ គឺជាវិស័យដ៏សំខាន់មួយ នៅក្នុងការចូលរួមគាំទ្រការអភិវឌ្ឍគ្រប់វិស័យ ព្រោះជាច្រកនៃកៀរគរទុន ដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍវិស័យអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ២០៥០ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា <<ផែនការមេនេះ ត្រូវបានរៀបចំឡើងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ ដោយបន្ថែមលើការវិភាគ SWOT យើងក៏ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដែលបន្ស៊ីនឹងគោលនយោបាយសំខាន់ៗ របស់រដ្ឋាភិបាល ដូចជា យុទ្ធាសាស្រ្តបញ្ចកោណ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០២៥-២០៣០ ជាដើម>>។

លោកបន្ថែមថា ផែនការមេនេះនឹងត្រូវអនុវត្តរយៈពេល១០ ឆ្នាំ ដោយដាក់ចេញយុទ្ធសាស្ត្រគន្លឹះសំខាន់ៗដែលផ្តោតលើ៖ ១. ក្រុមហ៊ុនបោះផ្សាយ និងអភិវឌ្ឍផលិតផល និងសេវាកម្ម ២. ការវិនិយោគ និងកសាងប្រព័ន្ធអេកូឡូស៊ីនៃការវិនិយោគ ៣. ហិរញ្ញវត្ថុនិរន្តរភាព ៤. បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ៥. ក្របខ័ណ្ឌបទប្បញ្ញត្តិ ៦. ក្របខ័ណ្ឌត្រួតពិនិត្យ ៧. សណ្តាប់ធ្នាប់ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ៨. ប្រសិទ្ធភាពទីផ្សារ ៩. ការកសាងសមត្ថភាព ការយល់ដឹង និងការអភិវឌ្ឍទេពកោសល្យ ១០. ការគ្រប់គ្រង និងការវិភាគទិន្នន័យ ១១. ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងការចែករំលែកធនធាន ១២. កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ១៣. សមត្ថភាពក្នុងការអនុវត្ត។ ទន្ទឹមនឹងនេះ ផែនការមេនេះ ក៏បានកំណត់នូវយន្តការនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត។ ចំពោះខ្លឹមសារបន្ថែម នឹងបកស្រាយនាពេលបន្តិចទៀតនេះ។

​បច្ចុប្បន្ននេះ ទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ​ ក្នុងនោះក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥០០លានដុល្លារ​៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...