ចិនត្រៀមបើកកិច្ចប្រជុំជាមួយក្រុមប្រទេសមកពីតំបន់អាមេរិកឡាទីន ចំពោះមុខការចរចាសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក

Posted By: RoogRog Robot | 12-May-2025 14:26:51

2025-05-12 02:22pm

(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ ចិននឹងរៀបចំកិច្ចប្រជុំមួយ ដែលរួមមានដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន មកពីតំបន់អាមេរិកឡាទីន ដើម្បីបន្តពង្រីកឥទ្ធិពលនិងភាពជាដៃគូនៅក្នុងតំបន់ ស្របពេលដែលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ព្យាយាមរិះរកច្រកចេញ​ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។

ក្រុមមន្រ្តីនិងថ្នាក់ដឹកនាំមកពីតំបន់អាមេរិកឡាទីន ក៏ដូចជាមកពីក្រុមប្រទេសនៅតំបន់សមុទ្រការីបង់ ដែលរួមមានប្រធានាធិបតីប្រេស៉ីល កូឡុំប៊ី ព្រមទាំងស៉ីលី ជាដើម នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិកា China-CELAC នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារសប្តាហ៍នេះ។

យោង​តាមទិន្នន័យរដ្ឋាភិបាលចិន ការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយ ប្លុកសហគមន៍រដ្ឋអាមេរិកឡាទីននិងការីបង់ ឬហៅកាត់ថា CELAC មានទំហំ៤២៧ពាន់លានដុល្លារ គិតចាប់តាំងខែមករា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំដដែល។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំនោះ ដែលជាលើកដំបូង គិតចាប់តាំងពីវេទិកា China-CELAC ត្រូវបានបង្កើតឡើងកាលពី​១០ឆ្នាំមុន។

វេទិកា China-CELAC មានគោលដៅប្រជែងឧត្តមភាពភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចយូរអង្វែងមកហើយរបស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីននិងសមុទ្រការីបង់ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ កំពុងព្យាយាមទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន។ កិច្ចប្រជុំ China-CELAC ក្នុងសប្តាហ៍នេះ គឺកើតមានបន្ទាប់ពី ជំនួបចរចាសង្រ្គាមពាណិជ្ជកម្ម កាលពីចុងសប្តាហ៍កន្លងទៅ រវាងចិននិងអាមេរិក ដែលហាក់ទទួលបានសញ្ញាវិជ្ជមាន។

គួរបញ្ជាក់ថា វេទិកាខាងលើ បានដើរតួនាទីជាយានជំនិះ សម្រាប់ធ្វើឱ្យកិច្ចសន្ទនាកាន់តែស៉ីជម្រៅ រវាងចិននិងប្លុក CELAC ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ BRI របស់ចិន៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...