សូមរីករាយសណ្ដាប់បទចម្រៀង «អក្ខរាកំសត់កូនពុកចារឈ្មោះកូន» ដកស្រង់ចេញពីរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

Posted By: RoogRog Robot | 12-May-2025 14:26:51

2025-05-12 02:23pm

(ភ្នំពេញ)៖ អាល់ប៊ុមចម្រៀងដកស្រង់ចេញពីខ្សែជីវិតពិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចេញផ្សាយជាបន្តបន្ទាប់ និងកំពុងចាក់បញ្ចាំងតាមបណ្ដាស្ថានីយ៍ និងបណ្ដាញសង្គមជាច្រើន ហើយកំពុងទទួលការគាំទ្រខ្លាំង ពីសំណាក់ប្រជាជនខ្មែរនៅទូទាំងប្រទេស។ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទទួលបានសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>> ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចទាំងទ្វេ ក្នុងបុព្វហេតុជាតិមាតុភូមិ។

ចម្រៀងបទ <<អក្ខរាកំសត់កូនពុកចារឈ្មោះកូន>> ដកស្រង់ចេញពីរឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>> បានបញ្ជាក់នូវខ្លឹមសារទាំងស្រុងថា <<ថ្ងៃ១០វិច្ឆិកាឆ្នាំ៧៦អើយ ថ្ងៃបណ្ដូលត្រួយលាចាកលោកហើយ ជាច្រើនខែឆ្នាំ ចាំមិនភ្លេចឡើយ កំសត់កូនអើយ ឥតស្បើយនឹកស្ងួន។ ក្រមាជោកសើម ផ្ដើមដោយទឹកភ្នែក អាណោចអនេក ហែករុំសពកូន មិនបានបញ្ចុះដោយដៃផ្ទាល់ខ្លួន ពុកនិងម៉ែកូនយំស្ទើរមរណា។ របបយង់ឃ្នង បនក្បត់ពូជសាសន៍ ឃោរឃៅខ្លាំងណាស់ ច្បាស់គ្មានមេត្តា រស់អន់ជាងសត្វ កាត់មនោសញ្ចេតនា សូម្បីភក្រ្តាម្ដាយមិនបានជួប។ ឱ!មេមត់អើយ នៅឡើយថ្មីៗ ពុកម៉ែអាល័យ ថ្ងៃខែឆ្នាំខួប កោះថ្មទន្លូង ទ្រូងម៉ែអភ័ព្វ អក្ខរាកំសត់ ពុកចារឈ្មោះកូន>>។

បទចម្រៀងនេះគ្របគ្រងផលិតដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា, និពន្ធទំនុកច្រៀងដោយលោក ហ៊ឹម សុភា (នភា), ច្រៀងដោយ ខេម, លំនាំបទ <<ចម្រៀងមរណៈ>> និងដកស្រង់ចេញពីសាច់រឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>> ភាគ (៥១ និង៥២)។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅ ផ្តល់ឱកាសឱ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត Album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>> ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាព ដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ ដែលបានទទួលនូវភារកិច្ច ដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>>។

ទន្ទឹមនឹងគ្នានេះ អ្នកឧកញ៉ា អះអាងថាពេលដែលទទួលការងារមួយនេះ រូបលោកមានក្ដីរំភើបរីករាយ ព្រោះភារកិច្ចដ៏ធំធេង គឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយលោក ហ៊ឹម នភា ជាកវីនិពន្ធដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង <<កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី>> ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយ ឲ្យបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។

សាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់សម្តេចក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់ តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។អ្នកចម្រៀងពីររូប គឺលោក ខេម និងអ្នកនាង ស៊ុន ស្រីពេជ្រ គឺជាអ្នកចម្រៀងដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេញចិត្ត និងផ្ដល់ឱកាសឱ្យច្រៀងក្នុងការផលិតមួយនេះ និងអមជាមួយតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្ម ហ្គាឡាក់ស៊ី​ ណាវ៉ាត្រា។

លោក ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា សម្រាប់ការងារ Media ដើម្បីធ្វើការផ្សព្វផ្សាយនូវបទចម្រៀង ក្រោយពីបានផលិតរួចរាល់ទាំងអស់ឱ្យបានទូលំទូលាយ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិត រក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមឱ្យបានទូលំទូលាយ ព្រមទាំងប្រគល់ជូនក្រុមការងារ Media របស់សម្តេចតេជោ ដើម្បីផ្សព្វផ្សាយបន្ថែមផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...