(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់>>។ ពិធីនេះធ្វើឡើងនៅបរិវេណក្រុមហ៊ុន ហ៊្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក ស្ថិតក្នុងស្រុករតនមណ្ឌល។
ទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកទល់បច្ចុប្បន្ន។
សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗគឺរាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្តេចអធិបតី ក្នុងអាណត្តិទី៧នេះ បានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពល កម្មអន្តរជាតិ១ ឧសភា ដែលមានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្ត សប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី <<រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់>> ដែលជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឱ្យបាននូវគោលដៅសូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោក សុខ លូ បានថ្លែងអំណរគុណម្ចាស់រោងចក្រដែលបានផ្ដល់ការងារដល់កម្មករនិយោជិតនិងណែនាំដល់ម្ចាស់រោងចក្រត្រូវគិតគូរខ្ពស់លើបញ្ហាបរិស្ថាន មិនត្រូវធ្វើឱ្យលេចធ្លាយ ឬលួចបង្ហូរទឹកកខ្វក់ចូលស្ទឹងដែលនាំ ឱ្យមានការបំពុលប្រភពទឹកនោះឡើយ។
លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ម្ចាស់រោងចក្រត្រូវពង្រឹងការគ្រប់គ្រងសំណល់រាវឱ្យបានល្អ ប្រសិនបើមានករណីលួចបង្ហូរសំណល់រាវចូលប្រភពទឹកនឹងត្រូវប្រឈមនឹងបិទរោងចក្រដោយគ្មានការលើកលែង ឬផាកពិន័យនោះឡើយ។
លោកអភិបាលខេត្តបានជំរុញឱ្យរោងចក្រសហគ្រាសត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់អនាម័យបរិស្ថាននៅក្នុងរោងចក្រដើម្បីសុខមាលភាពកម្មករនិយោជិតរបស់ខ្លួនផងដែរ។ លោកក៏បានណែនាំដល់កម្មករនិយោជិត ត្រូវខិតខំបំពេញ ការងារយកចិត្តទុកដាក់ថែរក្សាសុខភាព ចៀសឆ្ងាយពីគ្រឿងញៀន និង ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមការពារ រក្សាសុវត្តិភាពខ្លួនឯង ក្រុមគ្រួសារ និងចូលរួមការពារផលប្រយោជន៍ ជាមួយសង្គមជាតិផងដែរ៕