លោក ឌឹម សុវណ្ណារុំ៖ មហាសន្និបាតលើកទី១៣ របស់បណ្តាញ RECEF នឹងជជែកពីបញ្ហាប្រឈមនៃការរៀបចំបោះឆ្នោត និងស្វែងរកអ្នកធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦ខាងមុខ (Video inside)

Posted By: RoogRog Robot | 12-May-2025 11:55:17

2025-05-12 11:52am

(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគ.ជ.ប កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា មហាសន្និបាតលើកទី១៣ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយ ភាសាបារាំង (RECEF) នឹងជជែកពីបញ្ហាប្រឈមនៃការរៀបចំបោះឆ្នោត និងស្វែងរកអ្នកធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦។

ការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបញ្ជាក់អំពីបេសកកម្មរបស់ប្រតិភូ គ.ជ.ប កម្ពុជា ទៅចូលរួមក្នុងមហាសន្និបាតលើកទី១៣ របស់បណ្តាញ RECEF។

ក្នុងនោះ លោកបានលើកឡើងពីសាវតារបស់បណ្តាញ RECEF និងបានរំលេចថា កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធរបស់បណ្តាញ RECEF កាលពីឆ្នាំ២០២៣កន្លងទៅ។

ជាមួយគ្នានេះ លោក ឌឹម សុវណ្ណារុំ ក៏បានជម្រាបអ្នកសារព័ត៌មានពីរបៀបវារៈ ដែលនឹងប្រព្រឹត្តទៅក្នុងមហាសន្និបាតលើកទី១៣នោះ រួមមាន ការជជែកពីបញ្ហាប្រឈមនានា ក្នុងដំណើរការរៀបចំការបោះឆ្នោត និងស្វែងរកប្រទេសសមាជិក ដែលអាចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៤ នៅក្នុងឆ្នាំ២០២៦ខាងមុខ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយ ភាសាបារាំង ដែលហៅកាត់ថា RECEF គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កម្ពុជា បានចាត់តាំងលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគ.ជ.ប ដើម្បីដឹកនាំគណៈប្រតិភូ គ.ជ.ប ទៅចូលរួមជាតំណាង គ.ជ.ប កម្ពុជា ចូលរួមក្នុងមហាសន្និបាត លើកទី១៣ របស់បណ្តាញ RECEF ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅសាធារណរដ្ឋម៉ូរីស៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...