(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងការប្រកួត AFC CHALLENGE LEAGUE នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយសីលធម៌។
សម្ដេច បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។
គួរបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។
ជាមួយគ្នានេះ សម្ដេចក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។
បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួតចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា <<ការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លេីសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន>>។
សូមជម្រាបថា ក្រុម FK Arkadag បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគលំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2024-25 ក្រោយពីរកបានលទ្ធផលឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ ពីការប្រកួតយ៉ាងស្វិតស្វាញឈានដល់ម៉ោងបន្ថែម ១២០នាទី ក្រោយពីលេងស្មើគ្នា ១-១ នៅ ៩០នាទីដំបូង នាពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
តាមរយៈជ័យជម្នះក្រុម FK Arkadag នឹងមានសិទ្ធិពេញលេញអាចលេងវគ្គចែកពូលពានលំដាប់ទី១ តំបន់អាស៊ី AFC Champions League 2025-26 ខណៈក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមទី២ របស់លីគកម្ពុជា បានរងជើងពានទី៣ ប្រចាំទ្វីបអាស៊ីនេះ បន្ទាប់ពីក្រុមភ្នំពេញក្រោន ក៏ជាជើងឯករងរដូវកាល២០១១៕