ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

Posted By: RoogRog Robot | 30-Apr-2025 10:51:47

2025-04-30 10:48am

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើ <<សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ>> ក្រោមអធិបតីភាពលោកបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងនោះ ក៏មានវត្តមានរបស់លោកបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, លោក, លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក, លោកស្រីអភិបាល-អភិបាលរងនៃគណអភិបាលរាជធានី ខេត្ត, លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត, លោក-លោកស្រី អភិបាល-អភិបាលរង នៃគណៈអភិបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងលោកមេឃុំ ចៅសង្កាត់គោលដៅ ដែលមានវត្តមានផ្ទាល់ សរុបប្រមាណ ៤០០ នាក់ ព្រមទាំងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនលាញ Zoom meeting។

សិក្ខាសាលាពិគ្រោះយោបល់លើ <<សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ>> នាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលបន្ថែមទៀតពីក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាព។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី) នេះ មិនមែនជាច្បាប់ដំបូងនោះទេ ប៉ុន្តែឯកសារនេះ បានវិវត្តន៍ជាបន្តបន្ទាប់ពីច្បាប់ ស្តីពីរបបហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត និងក្រុង ឆ្នាំ១៩៩៨ និងបន្ទាប់មកត្រូវបានកែសម្រួលឡើងវិញជា <<ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ>> ឆ្នាំ២០១១ និងនៅជាធរមានដល់សព្វថ្ងៃ។

ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មីនេះ ធ្វើឡើងដោយមានការសិក្សាលើទិដ្ឋភាពសំខាន់ៗ និងចាំបាច់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍នៃការអនុវត្តកន្លងមក និងការធានាបាននូវភាពស៊ីសង្វាក់គ្នាទៅនឹងការកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ពិសេស បានគិតគូរអំពីកត្តាចាំបាច់មួយចំនួន ដូចជា កត្តាសមត្ថភាព និងធនធាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលអនុវត្ត ក្នុងគោលដៅផ្តល់ឆន្ទានុសិទ្ធិកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ នៅក្នុងការរៀបចំ និងអនុវត្តថវិកា។

ទន្ទឹមនេះ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣, សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវបានគិតគូរយ៉ាងគត់ហ្មត់ ដោយផ្អែកលើគោលការណ៍គន្លឹះសំខាន់ៗ រួមមាន (១). ការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលជាសសរស្តម្ភទាំង៤ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២). ការរក្សាតុល្យភាពនៃការអនុវត្តល្អរបស់កម្ពុជា និង (៣). ការសិក្សា ពិនិត្យ និងថ្លឹងថ្លែងជាមួយនឹងការអនុវត្តល្អជាអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...