(ស្វាយរៀង)៖ កម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhatan) ក្រុងបាវិត ខេត្តស្វាយរៀង បានបង្ហាញការសប្បាយចិត្តបន្ទាប់ពីបានចូលរួមក្នុងពិធី <<អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ>> និងបានជួបផ្ទាល់ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ទន្ទឹមនេះ តំណាងសហគ្រាស គ្រឹះស្ថាន ដែលទទួលបានប័ណ្ណសរសើរ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ពីលោករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីនេះ ក៏បានបង្ហាញការប្តេជ្ញាចិត្តកាន់តែខ្លាំងទៀត ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។
លោកស្រី គោយ ស៊ីនឿន ជាកម្មការិនីនៃរោងចក្រ រ៉ុងដាសេង អ៊ីនដាសស្ត្រៀល ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង សូមអរគុណរាជរដ្ឋាភិបាល អរគុណក្រសួងការងារ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំងលើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅ ផ្ដល់អត្ថប្រយោជន៍ ពិសេសគឺលើកកម្ពស់សិទ្ធិសេរីភាពរបស់បងប្អូនកម្មករនិយោជិត ផងដែរ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានចំនួន៧ ដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ផងដែរ។ ក្នុងនោះ លោកស្រី ភោគ ផារិទ្ធ ជាតំណាងក្រុមហ៊ុន ស័ង លី (ខេមបូឌា) ហ្គាម៉ិន ខូអិលធីឌី ដែលទទួលបានប័ណ្ណសរសើរនេះ បានលើកឡើងថា នេះជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ សហគ្រាស គ្រឹះស្ថាន។ លោកស្រីបានលើកឡើងថា ការបង្ការទប់ស្កាត់នេះ សំដៅធ្វើឱ្យមានភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់ផលិតភាពការងារ ជាពិសេសជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត និងនិយោជក។
គួរបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) ខេត្តស្វាយរៀង បានរៀបចំពិធី <<អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ>> ក្រោមប្រធានបទ <<រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់>> និងពិធីប្រគល់ប័ណ្ណសរសើរជូនសហគ្រាស គ្រឹះស្ថានដែលមានស្នាដៃល្អ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង, អភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, សាលាដំបូងខេត្ត, អាជ្ញាធរក្រុងបាវិត, មន្រ្តីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នគរបាលតំបន់ប្រតិបត្តិការសឹករង, កងរាជអាវុធហត្ថខេត្ត, ថ្នាក់ដឹកនាំសហជីព, សមាគមនិយោជក និងបងប្អូនកម្មករនិយោជិត សរុបប្រមាណ ២ពាន់នាក់៕