មន្ត្រីផ្នែកកិច្ចការងារស្ត្រី និងកុមារខេត្តកំពង់ធំ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធចូលរួមលើកកម្ពស់ស្ត្រី កុមារ និងជនងាយរងគ្រោះឱ្យបានប្រសើរ

Posted By: RoogRog Robot | 04-Mar-2025 15:54:59

2025-03-04 03:51pm

(កំពង់ធំ)៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការងារស្ត្រី និងកុមារខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមលើកកម្ពស់ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះឱ្យបានប្រសើរ។

លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ បានជំរុញក្នុងកិច្ចប្រជុំសាមញ្ញ គ.ក.ស.ក ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោកស្រី សៀង លី លោកស្រី ហុក ផល្លី លោកស្រី លំគន្ធារី និងលោក លោកស្រី តាមបណ្ដាលអង្គភាពមន្ទីរជាច្រើនរូប។

លោកស្រីបានបន្តថា ក្រុមការងារត្រូវរៀបចំផែនការកិច្ចការពារស្រ្តីកុមារ សម្រេចបានលទ្ធផលជោគជ័យតាមសូចនាករកំណត់ អាស្រ័យដោយអ្នកមានភារកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តទាំងអស់ បង្កើនការយល់ដឹង និងមានឆន្ទៈក្នុងការប្រតិបត្តិសំដៅធ្វើឱ្យស្ត្រីកុមារ និងជនងាយរងគ្រោះនៅក្នុងខេត្ត ក៏ដូចនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវកិច្ចការពារប្រកបដោយសមធម៌ពីទម្រង់ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ជាអវិជ្ជមានដល់ផ្នែកអារម្មណ៍ ផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ និងការមិនអើពើ ការរើសអើង ដែលជាសិទ្ធិរបស់ស្ត្រី កុមារគ្រប់រូបត្រូវទទួលបានដូចៗគ្នា ក្នុងចំណោមសិទ្ធិជាមូលដ្ឋានចម្បងទាំង៤ របស់កុមារ គឺ <<ការរស់រានមានជីវិត, ការអភិវឌ្ឍ, ការចូលរួម, និងការការពារ>> ដោយយើងគ្រប់គ្នាត្រូវកំណត់ក្នុងបេះដូងថា ស្ត្រីកុមារជាទំពាំងស្នងឫស្សីជាអ្នកបន្តវេន ស្ត្រី កុមារជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ។

លោកស្រីបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើឱ្យមានសុខសន្តិភាពពេញលេញ ធ្វើឱ្យស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ កុមារត្រូវបានលើកស្ទួយ និងគោរពសិទ្ធិជាមូលដ្ឋានទាំងបួន មានលក្ខណៈល្អប្រសើរជាលំដាប់ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំ គឺបានពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញ គ.ក.ស.ក ខេត្តប្រចាំខែ មករា ឆ្នាំ២០២៥, របាយការណ៍ស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ តាមមន្ទីរវិស័យដែលពាក់ព័ន្ធវិស័យអប់រំ វិស័យសុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥, ពិភាក្សាលើបញ្ហាផ្សេងៗ និងប្រឈម ដើម្បីធ្វើការដោះស្រាយ និងលើកទិសដៅសម្រាប់ខែបន្ទាប់៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...