(កណ្តាល)៖ មន្ទីរអធិការកិច្ចខេត្តកណ្ដាល រួមសហការជាមួយអាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្ស ស្ថិតនៅវិទ្យាល័យសាន់នីវូសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ពិធីនេះក៏មានការឆ្លើយសំណួរពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងបទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ ដែលមានសិស្សានុសិស្សចំនួន២០៩នាក់ ស្រី១១៤នាក់។
ថ្លែងក្នុងឱកាសនេះលោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្តាល បានថ្លែងថា កម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រធានមន្ទីរបានបន្តថា បញ្ហាចរាចរណ៍ ក៏ជាបញ្ហាមួយដ៏ស្មុគស្មាញ និងជាទុក្ខកង្វល់របស់រាជរដ្ឋាភិបាលផងដែរ ដែលត្រូវតែរកវិធានការទប់ស្កាត់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។ ការប្រើប្រាស់មធ្យោបាយ ក្នុងការធ្វើដំណើរមានច្រើន ហេតុនេះការប្រើប្រាស់ផ្លូវថ្នល់ក៏មានការមមារញឹកផងដែរ ដែលជាហេតុ ធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ហើយចំពោះអ្នកបើកបរក៏ត្រូវតែមានការទទួល ខុសត្រូវខ្ពស់ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកបានបន្ថែមថា <<យើងដឹងហើយថា បញ្ហាចរាចរណ៍បានបង្កនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ។ ដ៏រាបណាការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈមិនគោរពច្បាប់នោះផលវិបាកធ្ងន់ធ្ងរ ក៏នៅតែមានជានិច្ចចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ព្រោះថាវាបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើន។ ការមិនគោរពច្បាប់ចរាចរណ៍ ការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹង នោះវានឹងបណ្តាលឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះបើយើងមិនគោរពច្បាប់ចរាចរណ៍ទេ យើងអាចទទួលរងនូវបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្តាលឱ្យយើងពិការភាពយើងនឹងមិនអាចស្វែងរកអនាគតភ្លឺស្វាងបានឡើយ មិនតែប៉ុណ្ណោះយើងនឹងបាត់បង់នូវក្តីស្រលាញ់ គ្មានគោលដៅក្នុងជីវិតទៀតផង។
ប្រធានមន្ទីរបានអំពាវនាវគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការ គ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់នេះ។ លើសពីនេះទៅទៀតឪពុក ម្តាយ ឬអាណាព្យាបាល ត្រូវជួយណែនាំដល់កូនៗរបស់ខ្លួន ពិសេសប្អូនៗ ក្មួយៗ សិស្សានុសិស្ស នៅពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងកុំអោយកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ហើយជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត។
លោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានពន្យល់ពីច្បាប់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សិស្សានុសិស្ស ឲ្យបានយល់ដឹងសំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។ លោកក៏បានធ្វើការរម្លឹកផងដែរថា បើស្រវឹងកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង និងពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់មុនពេលចេញដំណើរឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ផងដែរថា យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៧៦ បានចែងថាជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាបពី៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល៕