(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តជម្រះភាពអវិជ្ជមានរបស់មន្ដ្រីនគរបាល ពិសេសនគរបាលចរាចរណ៍ ដើម្បីកុំឲ្យមានភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ជុំវិញការអនុវត្តច្បាប់ដូចនាពេលកន្លងមក។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្រៅពីការជម្រះភាពអវិជ្ជមានហើយនោះ លោកនឹងពង្រឹងសមត្ថភាព និងគុណភាព នៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ដ្រីនគរបាល កាន់តែមុតស្រួចបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបម្រើផលប្រយោជន៍សាធារណៈ និងសំដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ រងរបួស ព្រមទាំងខូចខាតទ្រព្យសម្បត្តិ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានយល់ឃើញថា ទន្ទឹមការអនុវត្តច្បាប់របស់សមត្ថកិច្ចហើយនោះ ប្រជាពលរដ្ឋផ្ទាល់ខ្លួនក៏ត្រូវមានស្មារតីចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានទាំងអស់គ្នា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។ លោកបន្ថែមថា ការអនុវត្តច្បាប់របស់សមត្ថកិច្ច គឺធ្វើឡើងចំពោះតែអ្នកដែលមិនគោរពច្បាប់ប៉ុណ្ណោះ ប្រសិនបើពលរដ្ឋគោរពច្បាប់សមត្ថកិច្ចក៏មិនផាកពិន័យនោះដែរ។
បន្ថែមពីវិធានការអនុវត្តច្បាប់ហើយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា វិធានការផ្សព្វផ្សាយអប់រំ ក៏ត្រូវដើរទន្ទឹមគ្នាផងដែរ ដើម្បីបញ្ជ្រៀបឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍។ លោកបន្ថែមថា កត្តា៣ចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រួមមាន ទី១៖ ការបើកបរល្មើសល្បឿនកំណត់, ទី២៖ មិនគោរពសិទ្ធិក្នុងការបើកបរ និងទី៣៖ ការបើកបរស្ថិតក្រោមសារធាតុស្រវឹង៕
ខាងក្រោមនេះ ជាការលើកឡើងរបស់លោកឧត្តមសេនីយឯក ជួន ណារិន្ទ៖