(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយមន្ទីរកិច្ចការនារីខេត្ត នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំអបអរសាទរខួបលើកទី១១៤ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប>> ក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងលោកស្រី, លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី និងមានមន្រ្តីរាជការស្រ្តីជាច្រើនរូប មកពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី, មន្ទីរនានាជុំវិញខេត្ត យុវជន យុវនារី ចូលរួមផងដែរ។
បន្ទាប់ពីលោកស្រី កែវ ដាណា អភិបាលរងខេត្ត បានឡើងអានព្រះរាជសារទាំងស្រុងរបស់សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិសិទ្ធិនារី ៨ មីនា ឆ្នាំ២០២៥រួចមក, លោក សុខ លូ បានចូលរួមអបអរសាទរដល់មន្រ្តីរាជការជុំវិញខេត្ត ដែលបានចូលរួមអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។
លោក សុខ លូ បានជម្រាបជូនដល់អង្គពិធីថា បច្ចុប្បន្ននេះក្នុងជួរមន្រ្តីរាជការ ជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ គឺមានស្រ្តី បានចូលរួមយ៉ាងសកម្ម និងមានសមត្ថភាពបំពេញការងារបានដូចបុរសដែរ, រាជរដ្ឋាភិបាល នីកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានលោកជំទាវទី១ ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជាស្នងការនៃក្រុមយុវជនកាយរិទ្ធកម្ពុជា និងបានខិតខំបំពេញកិច្ចការ ជាច្រើនផ្សេងទៀតផងដែរ។
លោក សុខ លូ បានបន្តថា ដោយបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់រួចមក ក្នុងកូតា ជាស្រ្តីដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលរងខេត្ត មន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងនៅតាមបណ្តាក្រុង ស្រុក និងមន្ទីរនានាជុំវិញខេត្ត ក៏មានស្រ្តីខ្លះហើយដែរ តែមន្រ្តីជាស្រីនោះក៏ត្រូវមានសមត្ថភាព អាចបំពេញការងាររបស់ខ្លួនបានផងដែរ។
លោកអភិបាលខេត្ត បានអំពាវនាវដល់លោក លោកស្រី មន្រ្តីរាជការ ជាមាតាបិតា ត្រូវនាំគ្នាជួយតាមដាន ទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសកូនៗក្នុងក្រុមគ្រួសារ ឲ្យបានតឹងរឹងបំផុត និងបញ្ហាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់គ្នា និងសូមកុំឲ្យកសិករនាំគ្នាដុតជញ្ជ្រាំងតាមវាលស្រែ ដុតផ្លាស់ស្ទិក ព្រោះវាបណ្តាលឲ្យមានផ្សែងពុលក្នុងខ្យល់ ធ្វើឲ្យប៉ះពាល់សុខភាព ជួយទប់ស្កាត់ឲ្យបានទើបល្អប្រសើរ។
លោក សុខ លូ លើកឡើងបន្ថែមថា អំពីបញ្ហាការប្រមូលសំរាមនៅខេត្តបាត់ដំបង ត្រូវបានខេត្តប្រគល់ឲ្យក្រុមហ៊ុនវិនិយោគឯកជន ប្រមូលសំរាម តែត្រូវបង់លុយប្រចាំខែ ដោយមិនអាចខាន បានឡើយ សូមកុំនាំគ្នាចាក់ទឹកប្រើប្រាស់រួចហើយលើផ្លូវថ្នល់កៅស៊ូមុខផ្ទះរបស់ខ្លួន ព្រោះវាអាចបណ្តាលឲ្យឆាប់ខូចផ្លូវថ្នល់ បើជនណានៅតែចាក់បន្តទៀត គឺត្រូវរងការពិន័យធ្វើផ្លូវថ្នល់នោះសងជូនរដ្ឋវិញ។
លើសពីនេះលោកបានបន្តថា ដើម្បីកាត់បន្ថយការលិចជំនន់ទឹកដោយសារទឹកភ្លៀង កន្លងមកនោះរដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអ្នកពាក់ព័ន្ធ បានកសាង ជួសជុល ជាច្រើនកន្លែង មានដូចជាការដាក់លូ បង្ហូរ ទឹក កាត់បន្ថយការ លិចស្ទះទឹក ជំនន់ភ្លៀងនារដូវវស្សា រាល់ឆ្នាំតទៅ និងដើម្បីចូលរួមថែករក្សា អនាម័យ បរិស្ថាន ក្រុង និងជនបទ <<ទីក្រុងបៃតង អនាម័យស្អាត បរិស្ថានល្អ>>។
បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់នាថ្ងៃដដែលនេះ លោក សុខ លូ បានបន្តសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តជានារី ក្នុងនោះមានមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា មន្រ្តីស្ម័គ្រចិត្ត និងកម្មករ មានជាង ១០០នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនដល់មន្រ្តីទាំងអស់ឲ្យចេះរួបរួមសាមគ្គីគ្នា ខិតខំធ្វើការបម្រើប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បី កសាងអភិវឌ្ឍន៍ ប្រទេសជាតិ និងការពារសន្តិភាព បាននៅគង់វង្សយូរអង្វែងតទៅ។
ឆ្លៀតក្នុងឱកាសនោះដែរ ភរិយា លោក សុខ លូ អភិបាលខេត្ត បានជូនវត្ថុអនុស្សារីយ៍ដល់មន្រី្តរាជការ ជានារីទាំងអស់ក្នុងម្នាក់ទទួលបាន ហូលបារាំងម្នាក់ ១សំពត់ផងដែរ៕