វិភាគអន្តរជាតិ៖ លោក ត្រាំ លោក ពូទីន និងលោក ស៊ី ជីនពីង នៅក្នុងទំនាក់ទំនងត្រីកោណ

Posted By: RoogRog Robot | 23-Jan-2025 15:53:06

2025-01-23 09:44pm

(ហុងកុង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាពង្រឹងទំនាក់ទំនងប្រទេសរបស់លោកជាមួយរុស្ស៉ីឱ្យដល់កម្រិតថ្មីមួយនៅក្នុងឆ្នាំ២០២៥នេះ អំឡុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយសមភាគីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ២១ ខែមករា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ កិច្ចពិភាក្សារវាងលោក ស៊ី ជីនពីង និងលោក ពូទីន កើតមានឡើងចំពេលមេដឹកនាំទាំង២ សុទ្ធតែបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិលត្រឡប់មកកាន់សេតវិមានវិញរបស់លោក ត្រាំ។ លោក ត្រាំ ធ្លាប់បានបង្ហាញពី​ចំណាប់អារម្មណ៍លើជំនួប ឬកិច្ចចរចា ជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន អំឡុងអាណត្តិទី២ជាប្រធានាធិបតីរបស់លោក។ តែទោះជាបែបនេះក្ដី ចាប់តាំងពីឡើងកាន់អំណាច លោក ត្រាំ ក៏នៅតែបន្តផងដែរការសម្លុតគំរាមចិន ជាមួយការព្រមាន ពីការដំឡើងពន្ធភ្លាមៗ និងគំរាមដាក់ទណ្ឌកម្មរុស្ស៉ី ប្រសិនបើលោក ពូទីន មិនព្រមចរចាបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែនទេនោះ។

* សា្ដរទំនាក់ទំនងឡើងវិញទាំងលោក ស៊ី ជីនពីង និងលោក ពូទីន នាពេលកន្លងមកបានប្រកាសជាសាធារណៈនូវក្ដីសង្ឃឹមចង់ស្ដារទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលថ្មីដឹកនាំដោយលោក ដូណាល់ ត្រាំ។ ជាក់ស្ដែង លោក ស៊ី ជីនពីង និងលោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ មុននឹងលោក ត្រាំ ស្បថចូលកាន់តំណែង ដោយមេដឹកនាំចិនបានលើកឡើងពីគំនិត <<ចាប់ផ្ដើមចំណុចថ្មីមួយ>> សម្រាប់ការជំរុញ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចសន្ទនារវាងមេដឹកនាំទាំង២ បានពិភាក្សាគ្នាលើប្រធានបទជាច្រើនក្នុងនោះរួមមានទាំងសង្រ្គាមអ៊ុយក្រែន ស្របពេលលោក ត្រាំ អះអាងពីភាពល្អប្រសើរក្នុងកិច្ចសន្ទនា ជាមួយលោក ស៊ី ជីនពីង។

តាមមន្ត្រីវិមានក្រឹមឡាំង លោក Yury Ushakov លោក ស៊ី ជីនពីង បានប្រាប់លោក ពូទីន អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងរូបលោកជាមួយលោក ដូណាល់ ត្រាំ អំឡុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូចាយពេលជាង ១ម៉ោងកន្លះ កាលពីថ្ងៃទី២១ ខែមករា។ ប៉ុន្តែ លោក Ushakov បន្ថែមថាកិច្ចពិភាក្សារវាងលោក ស៊ី ជីនពីង និងលោក ពូទីន មិនមានជាប់ពាក់ព័ន្ធនឹងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំនោះឡើយ។ លោក ពូទីនវិញ នៅក្នុងការកត់សម្គាល់របស់លោកទៅកាន់លោក ស៊ី ជីនពីង បានសាទរដល់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៉ី និងចិន ហើយបានលើកឡើងពីមហិច្ឆតារួមរបស់ប្រទេសទាំង២ ដើម្បីកែប្រែ សណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ ដែលចិន និងរុស្ស៉ីមើលឃើញថាលម្អៀងទៅខាងសហរដ្ឋអាមេរិក។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា <<យើងនឹងឈរប្រកៀកស្មាគ្នា ក្នុងការជំរុញសណ្ដាប់ធ្នាប់ពហុប៉ូលមួយ និងធ្វើការរួមគ្នា ដើម្បីធានានូវសន្តិសុខដែលមិនអាចបំបែកបាក់បានទាំងនៅក្នុងតំបន់អឺរ៉ាស៊ី និងសកលលោក>>។ តាមលោក ពូទីន កិច្ចប្រឹងប្រែងរួមគ្នារវាងមូស្គូ និងប៉េកាំង នឹងដើរតួនាទីប្រកដោយស្ថិរភាព យ៉ាងសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។

* ការទូតត្រីកោណ?លោក ដូណាល់ ត្រាំ ក៏បានកត់សម្គាល់ផងដែរថាលោកផ្ទាល់សង្ឃឹមថាលោក ស៊ី ជីនពីង អាចប្រើប្រាស់ឥទ្ធិពលរបស់លោកដើម្បីដើរតួនាទីជាអ្នកសម្របសម្រួលបញ្ចប់សង្រ្គាមអ៊ុយក្រែន ហើយថាលោកបានជំរុញឱ្យ មេដឹកនាំចិន អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីឱ្យជួយបញ្ចប់សង្រ្គាមនេះ។ មេដឹកនាំអឺរ៉ុបបានបង្ហាញក្ដីសង្ឃឹមជាយូរមកហើយថាលោក ស៊ី ជីនពីង អាចបញ្ចុះបញ្ចូលឱ្យលោក ពូទីន យល់ព្រមទទួលយក លក្ខខណ្ឌបញ្ចប់សង្រ្គាមរបស់អ៊ុយក្រែន។ ប៉ុន្តែ ការត្រឡប់មកវិញរបស់លោក ត្រាំ និងការសន្យាបញ្ចប់សង្រ្គាមរបស់លោកអាចនឹងធ្វើឱ្យប្រឈមនឹងជម្រើសដ៏ពិបាក។ នោះគឺចិនត្រូវប្រឹងប្រែងរក្សាតុល្យភាព។ លោក ស៊ី ជីនពីង បានព្យាយាមបង្ហាញឱ្យពិភពលោកមើលឃើញថាចិនជាប្រទេសស្រឡាញ់សន្តិភាព និងមានសមត្ថភាពស្វែងរកសន្តិភាពជូនពិភពលោក បើទោះជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានចោទប៉េកាំងថា លម្អៀងទៅខាងរុស្ស៉ីក៏ដោយ។ ព្រមពេលជាមួយគ្នា លោក ស៊ី ជីនពីង ក៏មានបំណងកសាងទំនាក់ទំនងល្អជាមួយលោក ត្រាំ ផងដែរ ដើម្បីបញ្ចៀសផលប៉ះពាល់បង្កឡើងដោយសង្រ្គាមពាណិជ្ជកម្មថ្មីណាមួយ ក្នុងពេលដែលសេដ្ឋកិច្ចចិន កំពុងមានបញ្ហាស្រាប់។

ក៏ប៉ុន្តែ ក្នុងពេលដំណាលគ្នាដែលចង់ធ្វើជាអ្នកស្វែងរកសន្តិភាពផង រក្សាទំនាក់ទំនងល្អជាមួយលោក ត្រាំផង លោក ស៊ី ជីនពីង ត្រូវប្រុងប្រយ័ត្នជានិច្ចដោយមិនត្រូវឱ្យគោលបំណងរបស់លោកធ្វើឱ្យខូចដល់ទំនាក់ទំនង ជាមួយរុស្ស៉ី ឬលោក ពូទីននោះទេ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់វិមានក្រឹមឡាំង និងក្រសួងការបរទេសចិន មិនបានបញ្ជាក់លម្អិតថាតើសង្រ្គាមអ៊ុយក្រែនបានក្លាយជាប្រធានបទត្រូវពិភាក្សានៅក្នុងកិច្ចសន្ទនារវាងលោក ពូទីន និងលោក ស៊ី ជីនពីង ឬក៏យ៉ាងណានោះទេ។ ជំនួសមកវិញ សេចក្ដីថ្លែងការណ៍នៃប្រទេសទាំង២ បានលើកឡើងពីខួបលើកទី៨០ នៃជ័យជម្នះដែលរុស្ស៉ី និងចិនសម្រេចបានក្នុងសង្រ្គាមលោកលើកទី២។ លោក ពូទីន និងលោក ស៊ី ជីនពីង បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីចួលរួមរំលឹកដល់ទិវាជ័យជម្នះនៅក្នុងឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងក្នុងប្រទេសរុស្ស៉ី នៅខែឧសភា និងនៅចិន នៅខែកញ្ញា។ លោក ស៊ី ជីនពីង និងលោក ពូទីន បានហៅទំនាក់ទំនងរវាងចិន និងរុស្ស៉ី ថា <<ភាពជាដៃគូគ្មានព្រំដែន>>៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...