អភិបាលខេត្តកណ្តាល ដឹកនាំមន្រ្តីចុះអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាកសិករនៅស្រុកស្អាង

Posted By: RoogRog Robot | 23-Jan-2025 14:24:48

2025-01-23 09:16pm

(កណ្ដាល)៖ ក្រោយទទួលបានព័ត៌មានពីការខ្វះទឹកសង្គ្រោះស្រូវរបស់កសិករ នៅស្រុងស្អាង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះបូមទឹកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋភ្លាមៗ លើផ្ទៃដីស្រូវប្រាំងប្រមាណជា ២,០០០ហិកតា ស្ថិតក្នុងឃុំទឹកវិល ឃុំកោះខែល និងឃុំក្រាំងយ៉ូវ ។

នាឱកាសនោះដែរ ក្រោយពីទទួលបានសំណើររបស់ពលរដ្ឋជុំវិញគម្រោងបើកសមាគម លោកអភិបាលខេត្ត បានគាំទ្រចំពោះគម្រោងនេះ ហើយចាត់ឲ្យមន្ត្រីធ្វើការលើរឿងនេះ ដើម្បីផលប្រយោជន៍ប្រជាកសិករខ្មែរភ្លាមៗផងដែរ។

លោកអភិបាលខេត្ត បានបន្តថា បញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅពេលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ព្រមទាំងបានចាត់តាំងដល់​អាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ តាមដាន និងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានធ្វើការណែនាំជូនដល់ប្រជាកសិករទាំងអស់ សូមឱ្យធ្វើស្រែតែម្តងក្នុងវស្សានេះ ពីព្រោះបើសិនជាប្រជាពលរដ្ឋបន្តធ្វើនៅលើកទី២ គឺអាចប្រឈមនឹងការខ្វះទឹក​ប្រើប្រាស់តែម្តង មិនថាតែស្រោចស្រពដំណាំទេ សូម្បីតែមនុស្ស និងសត្វក៏មិនមានទឹកសម្រាប់ ផឹក និងបរិភោគនោះដែរ។

លោកអភិបាលខេត្ត ព្រមទាំងក្រុមការងារ បានបន្តចុះធ្វើការពិនិត្យ គ្រឿងចក្រ ម៉ាស៊ីនបូមទឹកនៅតាមប្រឡាយនានា ពិសេសប្រឡាយអន្តរឃុំ ដើម្បីរុញទឹកចូលដល់ស្រែរបស់ប្រជាកសិករ ក្នុងការសង្គ្រោះស្រូវប្រាំង ដែលមានបញ្ហាប្រឈម និងការខ្វះទឹកស្រោចស្រព។ ក្នុងនោះដែរខាងព្រលានយន្តហោះតេជោក្រុងតាខ្មៅ បានរុញទម្លាក់ទឹកប្រហែល ៥០ម៉ឺនម៉ែត្រគូបដើម្បីជួយសង្រ្គោះស្រូវបងប្អូនប្រជាកសិករ​នៅជុំទី១នេះឱ្យបានគ្រប់គ្រាន់ និងបន្តរក្សាទឹកទុកដើម្បីប្រើប្រាស់បន្តផងដែរ៕











































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...