(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការនាំអនាគតឆ្ពោះទៅមុខ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការអប់រំនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីជួយឱ្យសមណនិស្សិត-និស្សិតកម្ពុជាទទួលបានឱកាសសិក្សាភាសាជប៉ុន និងជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ហើយពេលសិក្សាចប់ក៏អាចមានឱកាសទៅបន្តការសិក្សានៅប្រទេសជប៉ុនបានទៀតផង ខណៈក្រុមហ៊ុនជប៉ុននៅកម្ពុជានិងនៅជប៉ុនក៏ជាដៃគូសហការក្នុងការផ្ដល់ការងារជូននិស្សិតបញ្ចប់ការសិក្សានេះដែរ។
ពិធីចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការចូលរួមពីលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកស្រី ប៉ែន ចន្ទចរិយា សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងលោក កាន់ សុខុម សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងភាគីជប៉ុនមួយចំនួនទៀតផងដែរ។
លោក ឃីម ដារដ្ឋ ប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិ និងជានាយករងសាលាក្រោយឧត្តម នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឱ្យដឹងថា អនុស្សរណៈស្ដីពីការអប់រំនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខាងលើនេះមានសុពលភាព៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០។ អនុស្សរណនេះមានគោលបំណង៖ ទី១-ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកភាសាជប៉ុន ជំនាញរបៀបរបបការងារ វប្បធម៌ប្រពៃណីទំនៀមទម្លាប់បែបជប៉ុនដល់សមណនិស្សិត-និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ទី២-ផ្ដល់អាហារូបករណ៍ដល់សមណនិស្សិត-និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន, ទី៣-មានឱកាសខ្ពស់ក្នុងការបំពេញការងារនៅក្នុងក្រុមហ៊ុនជប៉ុនទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន, និងទី៤-បោះពុម្ពនិងចែកសៀវភៅដល់សមណនិស្សិត-និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
លោក ឃីម ដារដ្ឋ បានបន្តថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាតែងតែភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូអន្តរជាតិ ធុរជនអន្តរជាតិ ក្រុមហ៊ុន អង្គការ សមាគម តួយ៉ាងដូចជាជប៉ុនក៏ជាដៃគូសហការដ៏សំខាន់មួយដែរ ដើម្បីចូលរួមក្នុងកម្មវិធីលើកកម្ពស់វិស័យអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មវិធីមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជា ពិសេសគឺជួយសមណនិស្សិត-និស្សិតកម្ពុជាបានសិក្សាភាសាជប៉ុន និងមានឱកាសបានបន្តការសិក្សានៅប្រទេសជប៉ុន ឬក៏មានឱកាសបំពេញការងារនៅក្នុងក្រុមហ៊ុនជប៉ុនទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។
លោកថា កិច្ចសហប្រតិបត្តិការនេះដើរតួនាទីសំខាន់ណាស់ក្នុងការលើកកម្ពស់ការអប់រំ ការបណ្ដុះបណ្ដាល ការងារ វប្បធម៌ ទំនាក់ទំនងរវាងប្រជាជនប្រទេសទាំងពីរផងដែរ ដោយសារប្រទេសជប៉ុនជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនជាងគេមួយក្នុងលោក ហើយមានគុណធម៌ សុវជីធម៌ សីលធម៌ខ្ពស់ ដែលចំណុចល្អៗទាំងនេះនឹងផ្ដល់នូវគុណសម្បត្តិ គុណប្រយោជន៍ដ៏ច្រើនមកនិស្សិតកម្ពុជា។
លោកប្រធានការិយាល័យបានបន្ថែមថា តាមរយៈផែនការអភិវឌ្ឍន៍របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំ២០២៥ គឺមានបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូជាច្រើន ជាមួយក្ដីរំពឹងថានឹងទទួលបានឱកាសនិងជំនួយសម្រាប់ឱ្យនិស្សិតកម្ពុជាទទួលបានការសិក្សា ការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ និងមានឱកាសការងារល្អៗ៕