(ភ្នំពេញ)៖ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញ និងពង្រីកការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត ដែលផលិតវេចខ្ចប់ស្លាកយីហោកម្ពុជាទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេ ដែលជាការរួមចំណែកឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាលដែលចង់ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃឱ្យបាន២៥% នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិជូនក្រុមហ៊ុនស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាង ក្រុមហ៊ុនអ៊ែមភល អាហ្គោប្រដាក់ ឯ.ក និងក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន ឯ.កជាមួយក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី បានរៀបចំឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០៥នេះ ដោយមានការអញ្ជើញចូលរួមពី លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធចន្ទីកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោកស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះការអនុស្សរណៈនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា ជាមួយនឹងសហព័ន្ធម៉ាឡេស៊ី តាមរយៈការទាក់ទាញវិនិយោគិន និងធុរជនបរទេសបន្ថែម ទៀតមកបណ្តាក់ទុនក្នុងវិស័យពាណិជ្ជកម្មនៅប្រទេសកម្ពុជា។ លើសពីនេះ អនុស្សរណៈនេះក៏បានរួមចំណែកផងដែរ ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។
លោកស្រី សុមេធ សុមនា បានថ្លែងថា ដំណាំស្វាយចន្ទី និងស្វាយកែវរមៀត គឺជាដំណាំអាទិភាពក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងបន្តលើកកម្ពស់ឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញឱ្យមានការវិនិយោគឯកជនលើកសិផលមានសក្តានុពល។ លោកស្រីបានថ្លែងទៀតថា ស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា មានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិលើទំហំ និងរសជាតិ ហើយផលិតកម្មកែច្នៃកសិផលទាំង២មុខនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។ តួយ៉ាងនៅឆ្នាំ២០២៣ គ្រាប់ស្វាយចន្ទីមានប្រមាណ ៤២៥ ៩៧៧ តោន បាននាំចេញទៅ ទីផ្សារសំខាន់ៗរួមមានវៀតណាម ចិន ឥណ្ឌា ថៃ និងជប៉ុន។ ចំណែកការនាំចេញស្វាយស្រស់ ចំនួន ១៦១ ៩២៥ តោន និងដំណាប់ស្វាយចំនួន ២៧ ៣៨៧ តោន ត្រូវបានទៅកាន់ទីផ្សារគោលដៅ រួមមានប្រទេសចិន ហ្វីលីពីន ថៃ កូរ៉េ និងវៀតណាម។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម បានគាំទ្រការជំរុញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀត ក្រោមសកម្មភាព ពាណិជ្ជកម្ម ដូចជា ការរៀបចំពិព័រណ៍ជាតិ និងអន្តរជាតិ វេទិកាជំរុញពាណិជ្ជកម្ម ជំនួបពាណិជ្ជកម្ម សិក្ខាសាលា ការ តាំងបង្ហាញផលិតផលកម្ពុជាជាដើម ក្នុងគោលដៅបង្កើនផលិតភាព ការប្រកួតប្រជែង និងពង្រឹងបាននូវឧត្តមភាព ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធចន្ទីកម្ពុជា បានឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅប្រទេសវៀតណាមបានជាង៨២ម៉ឺនតោន ដែលទិន្នន័យនេះមិនរាប់ញ្ចូលការនាំចេញទៅប្រទេសផ្សេងៗទៀត និងការកែច្នៃនៅកម្ពុជានៅឡើយ។ ទិន្នន័យនេះបានធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក បន្ទាប់ពីប្រទេសកូដឺវីរដែលផលិតបាន១,១លាន តោននៅឆ្នាំ២០២៤នេះ។ ចំពោះគុណភាពវិញ គ្រាប់ចន្ទីពូជអឹម២៣ខ្មែរ ត្រូវបានពិភពលោក នៅតែទទួលស្គាល់និងគាំទ្រថាល្អដាច់គេទាំងគុណភាព និងតម្លៃ។
លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនិង គោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដែលមានបំណងចង់កែច្នៃនាំចេញឲ្យបាន២៥%នៅឆ្នាំ២០២៧ និង៥០%នៅឆ្នាំ២០៣២ សហព័ន្ធស្វាយចន្ទីត្រូវបានបង្កើតឡើងស្របច្បាប់ ដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ និងបានចុះ បញ្ជីកាជាផ្លូវការនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ។ បន្ទាប់ពីបង្កើតជាផ្លូវការបានជាងមួយឆ្នាំកន្លងមក សហព័ន្ធស្វាយចន្ទីកម្ពុជាបាននឹងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជួយអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃស្វាយចន្ទីទាំងមូលយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលបំផុត ដោយផ្តោតយក សកម្មភាពអាទិភាពចំបងៗដូចជា៖ ផ្តល់បច្ចេកទេសលើការប្រមូលផលទុកដាក់ បច្ចេកទេសកែច្នៃឲ្យមានស្តង់ដា គាំទ្រលើការពង្រីកទីផ្សារប្រកបដោយចីរភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ។
លើសពីនេះ លោក អាន តារា បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Ample Agro Product នឹង Kirirom Food Production ដែលរួមគ្នាផ្គត់ផ្គង់ទីផ្សារប្រទេសម៉ាឡេស៊ី សង្ហបូរី ឥណ្ឌូនេស៊ី និងប៊្រុយណេ មិនត្រឹមតែបាននឹងកំពុងពង្រីក ការនាំចេញផលិតផលស្តង់ដារបស់ខ្លួន ឱ្យបានជាប្រចាំប៉ុណ្ណោះទេ ថែមទាំងជួយជំរុញឱ្យក្រុមហ៊ុនកែច្នៃក្នុងស្រុកងាកមកការសហការគ្នាឲ្យបានស្អិតល្មួតដើម្បីរួមគ្នាកែច្នៃផលិតផលដំណាំកសិកម្ម អាទិភាពរបស់កម្ពុជាឲ្យមានលក្ខណៈស្តង់ដា និង មានបរិមាណគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទីផ្សារប្រទេសដែលនាំចូលធំៗនៅលើពិភពលោកឱ្យបានជាប្រចាំ និងទាន់ពេលវេលា៕
ជាមួយគ្នានេះ លោករំពឹងថា តាមរយៈការសហការគ្នានេះ នឹងបង្កើនការកែច្នៃស្វាយចន្ទី និងស្វាយកែវរមៀតឲ្យមានលក្ខណៈស្តង់ដាដើម្បីនាំចេញទៅទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗនៅលើ ពិភពលោក ដើម្បីឆ្លើតបទៅតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តួអង្គខ្សែច្រវ៉ាក់តម្លៃស្វាយចន្ទី និងស្វាយកែវរមៀតទាំងមូល (ដែលរួមមាន សហគមន៍អ្នកផលិត ក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុននាំចេញ) នឹងទទួលបាន ចំណេះដឹងបច្ចេកទេសបទពិសោធន៍ល្អៗ ទទួលតម្លៃប្រកួតប្រជែងតាមបែបគុណភាព ទទួលបានតម្លៃបន្ថែម និងអាចទទួល បានអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចមានស្ថេរភាពជាងមុន តាមរយៈការបង្កើតបណ្តាញនាំចេញដែលអាចជឿទុកចិត្តបាន។ ពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ម៉ាឡេស៊ី អាស៊ាន និងបណ្តាប្រទេសនាំចូលធំៗនៅពិភពលោក ឲ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំជាងមុន និងបើកផ្លូវសម្រាប់កិច្ចសហការយូរអង្វែងនាពេលអនាគត។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញ ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជាអធិរាជស្វាយចន្ទីនាពេលអនាគត៕