(ដាវ៉ូស)៖ អ៊ុយក្រែន តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានសាទរចំពោះការគំរាមរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា នឹងដាក់ពន្ធគយនិងទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើរុស្ស៊ីបដិសេធមិនចរចាកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥។
ទន្ទឹមគ្នានោះ អ៊ុយក្រែនក៏បានចាត់ទុកការអត្ថាធិប្បាយនេះថាជា <<សញ្ញាព្រមានដ៏ខ្លាំងក្លា>> មួយផងដែរ។
លោក ដូណាល់ ត្រាំ ដែលបានបញ្ជាក់ម្តងហើយម្តងទៀត ពីបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានអំពាវនាវទៅកាន់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធឱ្យ <<បញ្ឈប់សង្រ្គាមដ៏គួរឱ្យអស់សំណើចនេះ>> និងបានគំរាមដាក់វិធានការទណ្ឌកម្ម ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បានថ្លែងនៅទីក្រុង Davos ប្រទេសស្វីសថា <<យើងពិតជាស្វាគមន៍ចំពោះសារដ៏រឹងមាំបែបនេះ ពីប្រធានាធិបតី ហើយយើងជឿជាក់ថា គាត់នឹងក្លាយជាអ្នកឈ្នះ។ ហើយយើងជឿជាក់ថា យើងមានឱកាសបន្ថែមដើម្បីទទួលបាននូវភាពស្វាហាប់ថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមនេះ>>។
ទោះជាយ៉ាងណា វិមានក្រឹមឡាំងបានឆ្លើយតបដោយបញ្ជាក់ថា ខ្លួនមិនឃើញមានអ្វីថ្មីជាពិសេស នៅក្នុងការគំរាមកំហែងរបស់ប្រធានាធិបតី ត្រាំ នោះទេ ប៉ុន្តែបានអះអាងថា ខ្លួនកំពុងតាមដានយ៉ាងជិតស្និទ្ធ <<រាល់ភាពមិនច្បាស់លាស់>> នៅក្នុងវោហាសាស្ត្ររបស់លោក និងនៅតែបើកចំហសម្រាប់ការសន្ទនា៕