លោក អ៊ុច បូររិទ្ធ និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជួបពិភាក្សាគ្នាពីការបន្តពូនជ្រំ និងថែរក្សាការពារភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី

Posted By: RoogRog Robot | 21-Jan-2025 09:55:49

2025-01-21 09:54am

(ហាណូយ)៖ លោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក To Lam (តូ ឡឹម) អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម (CPV) នៅទីក្រុងហាណូយ។

នៅក្នុងជំនួបនេះ លោក To Lam បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃទស្សនកិច្ចនេះ ក្នុងការពង្រឹងមិត្តភាពជាប្រពៃណីរវាងគណបក្ស និងប្រទេសទាំងពីរ។ លោកបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ និងសំខាន់ៗលើវិស័យជាច្រើន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ក្រោមព្រះរាជដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ព្រះមហាក្សត្រ នរោត្តម សីហមុនី របស់ព្រឹទ្ធសភា រដ្ឋសភាជាតិ និងការគ្រប់គ្រងចាត់ចែងរបស់រាជរដ្ឋាភិបាល ដោយមានគណបក្សប្រជាជនកម្ពុជាជាស្នូល។

លោក អ៊ុច បូររិទ្ធ បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាមដែលសម្រេចបានសមិទ្ធផលដ៏ធំធេង និងមានសារសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុការផ្លាស់ប្ដូរថ្មី (Doi moi) ការកសាង និងដំណើរការអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ដែលមាន លោកអគ្គលេខាធិការ To Lam ជាប្រមុខ ប្រជាជនវៀតណាម នឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងបន្ថែមទៀត និងអនុវត្តប្រកបដោយជោគជ័យ នូវសេចក្ដីសម្រេចរបស់មហាសន្និបាតជាតិគណបក្សលើកទី១៣។

លោក To Lam បានថ្លែងអំណរគុណដល់កម្ពុជាចំពោះមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការគាំទ្រដល់វៀតណាម ក្នុងការតស៊ូរំដោះជាតិនាពេលកន្លងមក និងក្នុងបុព្វហេតុកសាងប្រទេសជាតិ នាពេលបច្ចុប្បន្ននេះ។ លោកក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការវិវឌ្ឍនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែងរវាងវៀតណាម និងកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោក To Lam បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្ដល់សារសំខាន់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា ក៏ដូចជាចំពោះទំនាក់ទំនងវៀតណាម កម្ពុជា និងឡាវ។ លោកក៏បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅប្រកបដោយសារសំខាន់ និងកាន់តែមានប្រសិទ្ធភាព លើវិស័យនានាជាច្រើន ក្នុងនោះរួមមានការបង្កើនការផ្លាស់ប្តូរ និងការជួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ការពិភាក្សាអំពីវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បង្កើនផលចំណូលពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសម្របសម្រួលក្នុងការរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងប្រទេសនីមួយៗ។

លោក អ៊ុច បូររិទ្ធ បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រជាច្រើន ដ៏មានតម្លៃ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដែលវៀតណាមបានផ្តល់ដល់កម្ពុជា ក្នុងការតស៊ូការពារឯករាជ្យ និងការរំដោះខ្លួនរួចផុតពីរបបប្រល័យពូជសាស នាពេលកន្លងមក ក៏ដូចជាក្នុងដំណើរការកសាងប្រទេស នាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ពីបំណងប្រាថ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ក្នុងការបន្តពូនជ្រំ និងថែរក្សាការពារភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពរយៈពេលវែងរបស់ប្រទេសទាំងពីរ។

នៅថ្ងៃដដែលនេះ​ លោក Le Hoai Trung លេខាធិការគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈទាក់ទងបរទេស បានជួបពិភាក្សាជាមួយគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលនៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្តោតលើការវាយតម្លៃនៃទំនាក់ទំនងទ្វេភាគី នាពេលថ្មីៗ ព្រមទាំងពិភាក្សាអំពីវិធានការ និងជំហាននានាដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងរវាងគណបក្ស និងប្រទេសទាំងពី នាពេលខាងមុខ ដើម្បីបន្តថែទាំ និងធ្វើឱ្យលូតលាស់ថែមទៀតនូវសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនវៀតណាម និងកម្ពុជា៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...