(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី២០ ខែមករា ហើយនេះក៏ជាលើកទី២ ផងដែរ លោក ត្រាំ ដកសហរដ្ឋអាមេរិកដែលជាប្រទេសបញ្ចេញឧស្ម័នពុលទៅកាន់បរិយាកាសធំជាងគេបំផុតនៅលើពិភពលោក ចេញពីកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការសម្រេចចិត្តរបស់លោក ត្រាំ បានធ្វើឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយអ៉ីរ៉ង់ លីប៊ី និងយេម៉ែន ដែលសុទ្ធសឹងជាប្រទេសមិនចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនេះ មានគោលដៅរឹតត្បិតការកើនឡើងកម្ដៅផែនដីកុំឱ្យកើនឡើងលើស ១.៥អង្សាសេ។ ក្នុងថ្ងៃដំបូងនៃការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីដក ទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងតាមពាក្យសន្យា នៅចំពោះមុខអ្នកគាំទ្រនៅទីលាន Capital One Arena ក្នុងទីក្រុងវ៉ាស៊ីនតោន។ <<ខ្ញុំកំពុងដកសហរដ្ឋអាមេរិកជាបន្ទាន់ចេញពីភាពអយុត្តិធម៌ នោះគឺ កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានភាពលម្អៀង>>។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ជាមួយការបន្ថែមថា <<សហរដ្ឋអាមេរិកនឹងមិនបង្កការខូចខាតដល់ឧស្សាហកម្មរបស់ខ្លួនឯង ក្នុងពេលដែលចិនកំពុង បញ្ចេញឧស្ម័នពុលដោយគ្មានទោសពៃអ្វីនោះឡើយ>>។
គួរបញ្ជាក់ថា អំឡុងអាណត្តិទី១ លោក ត្រាំ ក៏ធ្លាប់បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសផងដែរ តែលោក ចូ បៃដិន បាននាំសហរដ្ឋអាមេរិកចូលក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ក្នុងឆ្នាំ២០២១ ក្រោយស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕