កម្ពុជា-ហ្វីលីពីន ប្រកាសជំហរលើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសារ រវាងប្រទេសទាំងពីរ

Posted By: RoogRog Robot | 21-Jan-2025 08:22:42

2025-01-21 08:20am

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងលោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាស្ដីពី <<វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន>>។

រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអ្នកសារព័ត៌មាន អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល របស់ប្រទេសទាំងពីរ ជាពិសេស នៅថ្ងៃនេះ គឺអ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរ នូវប្រព័ន្ធឌីជីថលចំនួន២ គឺ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជានិងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។

លោករដ្ឋមន្ត្រីទទួលស្គាល់ និងអបអរសាទរ ចំពោះសាធារណរដ្ឋហ្វីលីពីននូវវឌ្ឍនភាព និងភាពជោគជ័យក្នុងការដាក់ឱ្យដំណើរការកម្មវិធី eGov SuperApp ដែលជាកម្មវិធីដ៏មានសក្តានុពលមួយដោយរួមបញ្ចូលនូវសេវាសាធារណៈទាំងអស់ដែលកំពុងផ្ដល់ដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៃសាធារណរដ្ឋហ្វីលីពីន។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់អំពីភាពខ្លាំងនៃកម្មវិធី eGov SuperApp របស់ហ្វីលីពីន ថាបច្ចេកវិទ្យា បទពិសោធ និងលក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី DG SuperApp របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហ-ប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យានិងបទពិសោធគ្នាទៅវិញទៅមក គឺមានសារៈសំខាន់ណាស់ ព្រោះកិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យ (១) ល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនឹងលឿនជាងមុន (២) ប្រទេសទាំងពីរមានមូលដ្ឋានកាន់តែរឹងមាំ ក្នុងសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ផ្អែកតាមការផ្លាស់ប្តូរបទពិសោធដែលប្រទេសទាំងពីរ បានជួបប្រទះកន្លងមកក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង (៣) ចំណងការទូតរវាងកម្ពុជានិងហ្វីលីពីនកាន់តែមានភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ លោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់។

លោក Ivan John E. Uy បានបន្តទៀតថា ហ្វីលីពីនបានពិនិត្យឃើញអំពីភាពលេចធ្លោនៃថ្នាល verify.gov របស់កម្ពុជាដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍ អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋានដែលរួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។

លោករដ្ឋមន្រ្តី Ivan John E. Uy បានបន្តលើកឡើងថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវ នៃដំណោះស្រាយឌីជីថល ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ហើយកិច្ចសហប្រតិបត្តិការទាំងនេះ ក៏បានបង្ហាញអំពីជំហរនិងការតាំងចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។

សូមបញ្ជាក់ផងដែរថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវការផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និង eGov SuperApp រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ជំនួបលើកនេះ ក្រសួងទាំងពីរបានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលស៊ីជម្រៅដែលអាចឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរសហការក្នុងការផ្ទេរបច្ចេកវិទ្យាទៅវិញទៅមក ហើយនៅក្នុងដំណាក់កាលសាកល្បងនេះ (Staging) ក្រុមការងារបច្ចេកទេសនៃ ក.ប.ទ. បានផ្ទេរបច្ចេកវិទ្យាដល់ក្រុមការងារបច្ចេកទេសនៃក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការដាក់បញ្ចូល QR Code ស្ដង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph (Staging) នៅលើឯកសារ ២ ប្រភេទជាជំហានដំបូង គឺ (១) អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន និង (២) សញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានធ្វើការបង្ហាញផ្ទាល់ (Live Demonstration-Staging) នៃកម្មវិធី eGov SuperApp របស់ហ្វីលីពីននិងពិភាក្សាលម្អិតអំពីលក្ខណៈបច្ចេកទេសសំខាន់ៗដែលមាននៅក្នុងកម្មវិធី eGov SuperApp ដែលអាចឱ្យកម្ពុជាដកស្រង់បទពិសោធដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍកម្មវិធី DG SuperApp របស់ខ្លួនផងដែរ។

ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់អំពីជំហរលើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរបទពិសោធ និងការផ្ទេរបច្ចេកវិទ្យានៃថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov របស់កម្ពុជា និងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាមួយបណ្ដាប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍មកលើថ្នាលនេះ។

សូមបញ្ជាក់ជូនផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ចំណែកឯកម្មវិធី eGov SuperApp របស់ហ្វីលីពីន ជាកម្មវិធីដែលរួមបញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលពហុវិស័យតាមរយៈប្រព័ន្ធអនឡាញតែមួយ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវាពីរដ្ឋាភិបាល៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...