(ភ្នំពេញ)៖ កូនស្រី វិស្វករ វណ្ណ ម៉ូលីវណ្ណ ឈ្មោះថា វណ្ណ ទេវីការ៉ូល មានសញ្ជាតិខ្មែរ-ស្វីស បានមកចូលរួមកម្មវិធីសរសេរតាមអានសាធារណៈ <<សំណេរអង្គរ>> លើកទី២ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់។
លោកស្រី វណ្ណ ទេវីការ៉ូល ចេះភាសាខ្មែរដោយសារកើតនៅខ្មែរ ទាល់តែអាយុ ១៤ឆ្នាំ ទើបភៀសខ្លួនទៅនៅបរទេស។ ប៉ុន្តែ ដោយសារឪពុក ទើបគាត់នៅចងចាំភាសាខ្មែរបាន ហើយមុនចូលប្រកួត លោកស្រីក៏បានរៀនភាសាខ្មែរឡើងវិញផងដែរ។
សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ <<សំណេរអង្គរ>> លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត ជាផែនការឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ជាអ្នកអានអត្ថបទប្រកួតសម្រាប់បេក្ខជនដោយផ្ទាល់។
ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បី លើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មានព្រះសង្ឃ ៨២ អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបង មានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ៕