អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអាជ្ញាធរនៅខេត្តកណ្តាល បម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យកាន់តែល្អ និងពន្លឿនការចុះបញ្ជីដីធ្លីឱ្យឆាប់រហ័ស

Posted By: RoogRog Robot | 10-Jan-2025 14:56:17

2025-01-10 02:53pm

(កណ្តាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥នេះ ដូចជាត្រូវបន្តខិតខំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី, បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ពង្រឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនៅមូលដ្ឋាន ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន ជាពិសេសត្រូវពន្លឿនការចុះបញ្ជីដីធ្លី។

លោកអគ្គបណ្ឌិតជំរុញបែបនេះ បានធ្វើឡើងនៅគ្រាដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

អគ្គបណ្ឌិតសភាចារ្យបានបន្តថា ច្បាស់ណាស់ថាការប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ ពិតជាបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព និងបរិយាបន្ន។

អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រទិសដៅការងារទាំងឡាយ ដែលអង្គសន្និបាតបានសម្រេចដាក់ចេញសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ដោយផ្អែកទៅលើស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត កម្លាំងមានសមត្ថកិច្ច និងមន្ត្រីរាជការទាំងអស់អគ្គបណ្ឌិតសភាចារ្យ បានជឿជាក់យ៉ាងមុតមាំថារដ្ឋបាលខេត្តពិតជាអាចបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលថ្មីបន្ថែមទៀត នៅឆ្នាំ២០២៥នេះ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...