(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះ ដោយថ្កោលទោសសហរដ្ឋអាមេរិក ថាជាការ <<មិនមានទំនួលខុសត្រូវយ៉ាងខ្លាំង>> ចំពោះការលើកឡើងពី <<ការសង្ស័យដោយគ្មានមូលដ្ឋាន>> ជុំវិញហានិភ័យសន្តិសុខព័ត៌មាន ដែលបង្កឡើងដោយប្រព័ន្ធយន្តហោះដ្រូនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ប្រទេសចិនមានការមិនពេញចិត្តជាខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក លើប្រព័ន្ធដ្រូនរបស់ខ្លួន ហើយនឹងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។
ចិន ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក គោរពការពិតនិងបញ្ឈប់ជាបន្ទាន់ នូវអ្វីដែលខ្លួនហៅថា <<ការអនុវត្តខុស>>។
គួរបញ្ជាក់ថា ការឆ្លើយតបយ៉ាងខ្លាំងក្លារបស់ចិននេះ កើតឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនកំពុងពិចារណាលើច្បាប់ថ្មី ដែលអាចនឹងដាក់កំហិត ឬហាមឃាត់យន្តហោះដ្រូនរបស់ចិន នៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីក្តីបារម្ភទាក់ទងនឹងសន្តិសុខជាតិ៕