តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មីប្រឆាំងនឹងប្រធានាធិបតីលោក Yoon

Posted By: RoogRog Robot | 07-Jan-2025 18:42:42

2025-01-07 06:35pm

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការនេះ បង្កើនភាពតានតឹងនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលក្រុមអ្នកស៊ើបអង្កេតនៅតែប្តេជ្ញានាំខ្លួនលោក Yoon មកសាកសួរ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីដ៏ចម្រូងចម្រាស កាលពីដើមខែធ្នូកន្លងទៅ។

ការប៉ុនប៉ងលើកដំបូង ដើម្បីអនុវត្តដីកាចាប់ខ្លួន កាលពីសប្តាហ៍មុន បានទទួលបរាជ័យ ដោយសារតែប្រធានអង្គភាពស៊ើបអង្កេត ត្រូវបានរារាំងដោយខ្សែសង្វាក់មនុស្ស នៃសេវាសន្តិសុខប្រធានាធិបតី និងឆ្មាំយោធារាប់រយនាក់ ដែលឈរយាមនៅខាងក្រៅលំនៅដ្ឋានរបស់លោក Yoon។ ទោះបីជាមានការរារាំងនេះក្តី ប្រធានអង្គភាពស៊ើបអង្កេត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថា ពួកគេនៅតែប្តេជ្ញាក្នុងការនាំខ្លួនលោក Yoon ចូលមកកាន់តុលាការ។

មន្ត្រីតុលាការបានគូសបញ្ជាក់ឱ្យដឹងថា មេធាវីរបស់លោក Yoon បានព្យាយាមស្វែងរកមធ្យោបាយផ្លូវច្បាប់ ដើម្បីរារាំងការចាប់ខ្លួន ដោយបានដាក់សំណើសុំទៅតុលាការក្រុងសេអ៊ូល ដើម្បីទុកជាមោឃៈនូវដីកាចាប់ខ្លួន។ ទោះយ៉ាងណា តុលាការបានបដិសេធសំណើនេះ កាលពីថ្ងៃអាទិត្យ ដោយផ្តល់ភ្លើងខៀវដល់ក្រុមអ្នកស៊ើបអង្កេត ក្នុងការបន្តការប៉ុនប៉ងចាប់ខ្លួន។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានសភាចោទប្រកាន់ កាលពីថ្ងៃទី ១៤ ខែធ្នូ ជុំវិញការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករយៈពេល ៦ ម៉ោង កាលពីថ្ងៃទី ៣ ខែធ្នូ។ ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅ។ អំណាចប្រធានាធិបតីរបស់លោក Yoon ត្រូវបានព្យួរ ហើយបច្ចុប្បន្ន តុលាការធម្មនុញ្ញកំពុងដំណើរការក្តីដើម្បីសម្រេចថាតើ ត្រូវបណ្តេញលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារអំណាចរបស់លោកឡើងវិញ។ ទន្ទឹមនឹងនេះ លោកក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ពីបទបះបោរផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...