(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថាមកដល់ពេលនេះពាក្យថា <<ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ>> មិនគួរប្រើទៀតទេ គួរប្រើថា <<ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍ គឺពិតជាត្រឹមត្រូវជាង។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្នុងឋានៈជាអ្នកធ្លាប់កាន់តំណែងនៅក្នុងក្របខណ្ឌនៃការដឹកនាំរួមតាំងពីឆ្នាំ១៩៧៩ សម្តេចបានយល់ដឹងនូវអារម្មណ៍ និងបទពិសោធន៍ទាក់ទិនជាមួយនឹងប្រសិទ្ធភាពនៃការងារប្រៀបធៀបរវាងរាជរដ្ឋាភិបាលនៃអ្នកដែលបានអនុវត្តពេលមុន និងរដ្ឋាភិបាលដែលបានអនុវត្តន៍នាពេលក្រោយនេះ គឺប្រសិទ្ធភាពអាចនិយាយបានថា អ្នកក្រោយលឿនជាងអ្នកជំនាន់មុន និងបានធ្វើកិច្ចការយ៉ាងល្អលើសការរំពឹងទុកទៅទៀត។
នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា <<ថ្ងៃមុនខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយថា ពាក្យចាស់បានប្រើថា <<ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ>> ត្រង់ចំណុចនេះខ្ញុំព្រះករុណាខ្ញុំ បានលើកឡើងថា មិនគួរនិយាយតទៅទៀតនៅពេលនេះទេ យើងគួរតែនិយាយថា <<ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍>> នេះប្រហែលជាត្រឹមត្រូវជាង>>។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រវត្តិសាស្ត្រក៏បានបញ្ជាក់រួចទៅហើយដែរថា មនុស្សចាស់មួយចំនួនបាននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០ ហើយអ្នកដែលបង្កើតបញ្ហានេះគឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៧៩មក ពេលនោះមន្ត្រីរបស់យើងមិនមានវ័យចំណាស់នោះទេ សូម្បីតែសម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ពេលនោះទើបមានវ័យត្រឹងតែជាង ៤០ឆ្នាំប៉ុណ្ណោះ ហើយយើងបានធ្វើការងារជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពេលនោះសម្តេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅត្រឹមអាយុ ៣២ឆ្នាំប៉ុណ្ណោះ ដែលចំនុចត្រង់នេះក៏បានបង្ហាញឱ្យឃើញថា ក្មេងមានទាំងកម្លាំង ស្គាល់ទាំងផ្លូវ ហើយសម្រាប់មនុស្សចាស់គឺមានបទពិសោធន៍។ សន្តិភាពជំនាន់ចាស់ បានធ្វើកិច្ចការយ៉ាងច្រើនទាក់ទិននឹងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ការទប់ស្កាត់ការវិលប្រឡប់នៃរបបប្រល័យពូជសាសន៍ ការដោះស្រាយការអត់ឃ្លានរបស់ប្រជាពលរដ្ឋ ដែលបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ និងការស្វែងរកសន្តិភាពជូនប្រទេសជាតិផងដែរ៕