(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ទាំង៨ យុវជន ស.ស.យ.ក យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត កីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥។
លោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរៀបចំការប្រកួត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំរៀបចំការប្រកួតទទួលបានលទ្ធផលល្អប្រសើរ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ និងសូមចូលរួមអបអរសាទរចំពោះក្រុមកីឡាករ ក្រុមកីឡាការនី ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភី ដែលមានថវិកាឧបត្ថម្ភលើកទឹកចិត្ត ហើយក៏សូមលើកទឹកចិត្តឱ្យបន្តខិតខំហ្វឹកហាត់ជាបន្តទៀត សូមលើកទឹកចិត្តបំផុសឱ្យមានការលេងកីឡាឱ្យបានច្រើនប្រភេទទៀតទៅតាមចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ។
លោកអភិបាលខេត្តព្រះវិហារបានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាជើងឯកទូទាំងខេត្តនាពេលនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករានាឱកាសនេះ មិនត្រឹមតែជាវេទិកាសម្រាប់កីឡាករ កីឡាការិនី បង្ហាញសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៍ល្អក្នុងការលើកកម្ពស់វិស័យកីឡា បង្កើនមិត្តភាព សាមគ្គីភាព និងសុខភាពក្នុងសង្គម ស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលបានកំណត់ថា <<យុវជនមួយរូប កីឡាមួយប្រភេទ កីឡាដើម្បីសន្តិភាព និងអភិវឌ្ឍ>>។
លោក គីម រិទ្ធី បានថ្លែងទៀតថា ការរៀបចំប្រកួតកីឡាមហាជន ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយនាពេលនេះ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យឥតឈបឈរ ដែលបានបន្តមរតកនយោបាយដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ។
លោកបញ្ជាក់ទៀតថា ដោយផ្អែកលើគុណតម្លៃនៃសុខសន្តិភាព មិនអាចខ្វះបាន រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពី <<ទិវាសន្តិភាពនៅកម្ពុជា>> ដែលកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិផ្លុវការមួយនៅកម្ពុជា ដើម្បីបណ្តុះការស្រឡាញ់សន្តិភាព និងការស្ងប់ខ្ពើមសង្រ្គាម រំលឹកដល់គុណូបការៈ ភាពអង់អាចក្លាហាននិងការពលីគ្រប់បែបយ៉ាងរបស់វីរបុរស វីរនារី ស្នេហាជាតិកម្ពុជាក្នុងការប្រយុទ្ធតស៊ូបង្រួបបង្រួមជាតិ ក្រើនរំលឹកនិងដាស់តឿនដល់ប្រជាជនគ្រប់រូប គ្រប់ជំនាន់ឱ្យចងចាំជានិច្ចអំពីភាពមហាវិនាសកម្ម ទុក្ខលំបាកវេទនា និងការបំផ្លិចបំផ្លាញនៃសង្គ្រាម និងរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ថែរក្សាឱ្យបានជាដាច់ខាតនៃសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាមូលដ្ឋានគ្រឹះដ៍មានតម្លៃបំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិ ដូចក្នុងក្របខណ្ឌនៃទ្រឹស្តីមួយបានលើកឡើងថា <<ទទួលទានទឹកឱ្យនឹកដល់ប្រភព បើបានជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ>>។
លោក គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើដល់កីឡាករ កីឡាការនី និងយុវជនទាំងអស់ដូចខាងក្រោម៖
* បន្តយកចិត្តទុកដាក់រៀនសូត្រ និងខិតខំស្តាប់ដំបូលន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសរសរទ្រូងនៃប្រទេសជាតិ។
* ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៉ីសងគ្រប់ប្រភេទ និងអំពើអបាយមុខផ្សេងៗ។
* ចូលរួមការងារសង្គម ការងារមនុស្សធម៌ផ្សេងៗ និងចូលរួមហាត់ប្រាណ ហ្វឹកហាត់កីឡាដើម្បីពង្រឹងសុខភាព។
* លើកទឹកចិត្តជំរុញនិងឱ្យមានការលេង ការប្រកួតកីឡាឱ្យបានច្រើនប្រភេទបន្ថែមទៀត ដើម្បីបានការគាំទ្រពីមហាជន។
* យកចិត្តទុកដាក់ថែរក្សាបរិស្ថាន និងចូលរួមរៀបចំសម្អាតអនាម័យ ជុំវិញបរិវេណអគារសិក្សា និងទីលានលេងកីឡា ជាពិសេសចូលរួមយុទ្ធនាការលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីឱ្យមូលដ្ឋានរស់នៅកាន់តែមានសោភ័ណភាព និងភាពទាក់ទឋញបន្ថែមទៀត៕